ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងធម្មការ ​៖ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ» ជាការលើកកម្ពស់​ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ​និងបង្កើនទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ៖លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ​ និងសាសនា បានគូសបញ្ជាក់ថា​ គោលបំណង ​នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ ប្រារព្ធឡើង ដើម្បីលើកកម្ពស់​ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេស​ អ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។

ការថ្លែងរបស់លោកបណ្ឌិត ចាយ បូរិន ខាងលើនេះ ធ្វើឡើងក្នុងពិធីអបអរសាទរ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ » ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នៅសាលសន្និសីទចតុម្មុខ ក្រោមធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្រកម្ពុជា។

ក្នុងឱកាសនេះ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ​ និងសាសនា បានអានព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគោរពថ្លែងអំណរគុណ ចំពោះវត្តមាន ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន​ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាពតាមរយៈមាគ៌ាព្រះពុទ្ធសាសនា» នាឱកាសនេះ។

លោកបណ្ឌិតរដ្ឋមន្ត្រី ចាយ បូរិ ក៏បានបញ្ជាក់ផងដែរ អំពីប្រវត្តិ និងគោលបំណងនៃ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថាប្រារព្ធឡើង ដើម្បីលើកកម្ពស់​ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បង្កើនទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេស​ អ្នកកាន់ព្រះពុទ្ធសាសនា នឹងជាការរំលឹកនូវព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមបំផុត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ទទួលបាន នូវព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា ព្រះស្រីលោកធម្មិករាជ ហើយក៏ជាការផ្សព្វផ្សាយ គោលមាគ៌ាព្រះពុទ្ធសាសនា ដើម្បីពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព ក្នុងសង្គមជាតិនិងសកលលោក។

បន្ទាប់ពីបានជ្រាបអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ ដែលបានសហការរៀបចំ បានយ៉ាងល្អនូវ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងសាមគ្គីធម៌ ជំរុញសន្តិភាព តាមរយៈមាគ៌ាព្រះពុទ្ធសាសនា» ដែលជាប្រធានបទដ៏ស័ក្ដិសមបំផុត សម្រាប់រំលេចឱ្យឃើញអំពីតួនាទីព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកកសាងនូវសាមគ្គីធម៌ ការអភិវឌ្ឍប្រទេស ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សណ្តាប់ធ្លាប់សង្គម វប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងសាមគ្គីភាព សន្តិភាព សុខដុមរមនានៅក្នុងសង្គម ។ ជាងនេះ ក៏ជាកាលានុវត្តភាពមួយ បង្កើនការយល់ដឹង ពីគុណតម្លៃស្នូល និងគោលការណ៍របស់ព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាសុខុមាលភាពសង្គម មិត្តភាព ភាតរភាព និងសាមគ្គីភាព ដើម្បីជំរុញឱ្យមាននូវសុខសន្តិភាព ជានិរន្តរ៍សម្រាប់សង្គម និងពិភពលោក៕

To Top