ព័ត៌មានជាតិ

មកស្គាល់មជ្ឈមណ្ឌល វាយតម្លៃសមត្ថភាពទាំង៩ ដែលទទួលចុះឈ្មោះធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុន (RPL)

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៩ ខែមេសាថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ ដែលទទួលចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មាននៅទីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងនៅរាជធានីភ្នំពេញចំនួន ៤ និងតាមបណ្តាខេត្តចំនួន ៥។

លោកស៊ុន មេសា បញ្ជាក់ថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ រួមមាន៖ ១ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ។

អ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថា  បងប្អូនកម្មករនិយោជិត បុគ្គលិក បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិស្ស-និស្សិត និងអតីតពលករខ្មែរ ដែលត្រឡប់ពីក្រៅប្រទេសអាចដាក់ពាក្យស្នើសុំចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈប្រព័ន្ធឆ្លើយតបបន្ទាន់ (Hotline) ១២៩៧ ឬចុះ តាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh ។

ការចុះឈ្មោះត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច, បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ឬលិខិតបញ្ជាក់ថាជាអតីតពលករ, និងរូបថតបច្ចុប្បន្នទំហំ ៤x៦ ថតចំពីមុខ ផ្ទៃពណ៌ស ចំនួន ៣សន្លឹកផងដែរ។ នេះបើតាមអ្នកនាំពាក្យដដែល៕

To Top