ព័ត៌មានជាតិ

លោក ឆៃ ស៊ីណារិទ្ធ ធ្វើបទបង្ហាញដល់អង្គទូត អំពីច្បាប់ ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលរៀបចំ ការធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។ បទបង្ហាញនេះ ត្រូវបានដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានលើកឡើងពីការកើនឡើងនៃភាពស្មុគស្មាញ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលាតសន្ធឹងហួសពីព្រំដែនប្រទេស ក៏ដូចជាធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ លើសន្តិសុខសាធារណៈ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ។

លោក ឆៃ ស៊ីណារិទ្ធ ពន្យល់អំពីការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវលទ្ធផលសំខាន់ៗ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់ និងភាពពាក់ព័ន្ធនៃច្បាប់ថ្មី ដែលទើបតែអនុម័ត ។ ច្បាប់ថ្មីនេះ ដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជាឧបករណ៍គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពមួយ សម្រាប់អាជ្ញាធរអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។

ទេសរដ្ឋមន្ត្រីបានអះអាងថា ការអនុវត្តច្បាប់ថ្មីនេះ នឹងមានភាពរឹងមាំមានតម្លាភាព និងស្របតាមនីតិវិធីត្រឹមត្រូវ ព្រមទាំងធានាបាននូវការការពារពេញលេញក្រោមច្បាប់នេះសម្រាប់អ្នកដែលសហការ ជាមួយអាជ្ញាធរ ក៏ដូចជាជនរងគ្រោះពិតប្រាកដ និង ម្ចាស់អចលនទ្រព្យស្លូតត្រង់ផងដែរ ។ លោកពន្យល់អំពីបញ្ហាប្រឈម ផ្នែកបច្ចេកទេសជាច្រើន ដែលប្រទេសកម្ពុជាកំពុងប្រឈម និងបានគូសបញ្ជាក់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយវិធីសាស្ត្រ កំពុងវិវត្ត រួមមាន ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រព័ន្ធកូដនីយកម្ម (encrypted platforms) ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ឆ្លងដែន និងគម្រោងវិនិយោគក្លែងបន្លំ ជាដើម។

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកដែលផ្អែក លើប្រព័ន្ធបច្ចេកវិទ្យានេះ នៅតែជាអាទិភាពចម្បង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយឯកឧត្តមក៏បានសម្តែង នូវទំនុកចិត្តថា ដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានស្នើឱ្យដៃគូអន្តរជាតិជួយបន្តការគាំទ្រផ្នែកកសាង សមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្លួន៕

To Top