ព័ត៌មានជាតិ

វិទ្យាស្ថានITI និងក្រុមហ៊ុនដាយគីន ខេមបូឌា ឯ.ក បានផ្តល់កិច្ចសហការ ប្រកបដោយទំនុកចិត្ត យ៉ាងល្អប្រសើរ ដើម្បីបង្កើតក្របខ័ណ្ឌ ពង្រឹងគុណភាព បណ្តុះបណ្តាលស្តង់ដា សមត្ថភាពជាតិ និងអន្តរជាតិជាមួយគ្នានៅកម្ពុជា

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយគីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦ ។ សមិទ្ធផលថ្មីនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ឱ្យឈានដល់កម្រិតអន្តរជាតិតាមរយៈស្តង់ដាបណ្តុះបណ្តាលដាយគីនជប៉ុនដល់យុវជនកម្ពុជា។ ទន្ទឹមនេះជាការបង្ហាញ នូវគំរូដ៏ល្អប្រកបដោយសុច្ឆន្ទៈ នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកUENO ដែលជាជើងឯក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមមានទាំងជំនួយ សង្គ្រោះបន្ទាន់ដល់ជនរងគ្រោះពីជម្លោះព្រំដែន។ ការរួមចំណែកនេះបានពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តជំនាន់ឱ្យកាន់តែជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីក៏បានកោតសរសើរនិងអរគុណចំពោះក្រុមហ៊ុន Daikin Airconditioning(Cambodia)Co.,Ltd និងបានចាត់ទុកការបង្កើតមជ្ឈមណ្ឌលនេះ ជាការចាំបាច់នៃយុទ្ធសាស្ត្រដ៏សំខាន់ និងទាន់ពេលវេលាទៅតាមតម្រូវការទីផ្សារ ហើយស្របជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗ របស់ក្រសួង ជាពិសេសកម្មវិធី TVET ១,៥ លាននាក់ ដោយលោកបានគូស បញ្ជាក់ថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Daikin កម្ពុជា កំពុងបញ្ចូលនវានុវត្តន៍ជប៉ុន និង “ស្តង់ដាមាស” នៃគុណភាពជប៉ុនចូល ទៅក្នុងការអភិវឌ្ឍ ធនធានមនុស្ស ព្រោះក្រុមហ៊ុនមិន ត្រឹមតែជំនាញលើម៉ាស៊ីនត្រជាក់តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានមុខគេលំដាប់ពិភពលោក ក្នុងដំណោះស្រាយនិរន្តរភាពបរិស្ថាន ដែលក្នុងនោះប្រព័ន្ធកម្ដៅ ខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ គឺជាផ្នែកមួយនៃបច្ចេកវិទ្យារបស់ខ្លួន។

ការចាត់ទុកភាពជាដៃគូនេះថាជាភាព «ឈ្នះ ឈ្នះ» នៃភាគីទាំងអស់ លោក​ ហេង សួរ បានសង្កត់ធ្ងន់ថា ការចូលរួមពីក្រុមហ៊ុន Daikin នឹងធ្វើឱ្យសិស្សកម្ពុជាទទួលបានបទពិសោធកាន់តែច្រើននៅក្នុងឧស្សាហកម្មនេះ។ កាលពីមុន សិស្សបានអនុវត្តនៅក្នុងរោងជាងប៉ុណ្ណោះ តែឥឡូវនេះ ដោយមានការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង សិស្សមិនត្រឹមតែរៀនទ្រឹស្តីនៅក្នុងរោងជាងប៉ុណ្ណោះទេ ថែមទាំងអនុវត្តចំណេះដឹង ជំនាញជាក់ស្តែងក្នុងដំណើរ ការផលិតកម្មឧស្សាហកម្មពិតប្រាកដ។ វិទ្យាស្ថាន ITI កំពុងប្រែក្លាយជាស្ថាប័ន TVET ឈានមុខសម្រាប់ការ បណ្តុះបណ្តាលផ្នែកម៉ាស៊ីនត្រជាក់ និង ជាច្រកចូលដែលបំប្លែង«ក្តីសុបិន»របស់យុវជនកម្ពុជាឱ្យក្លាយជាការពិត និងបំប្លែងគោលដៅអាជីព ឱ្យក្លាយជាការវិនិយោគយូរអង្វែងលើសមត្ថភាពផ្ទាល់ខ្លួន។

លោករដ្ឋមន្រ្តីបានជំរុញឱ្យនិស្សិតនៅវិទ្យាស្ថាននេះ យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលតាមរយៈកម្មវិធីគ្រូជំនាញរបស់ក្រុមហ៊ុន ដែលជាឱកាសសម្រាប់ «រៀនផង ធ្វើការផង» និងស្វែងរកឱកាសការងារកាន់តែប្រសើរទាំងនៅក្រុមហ៊ុន Daikin នៅជប៉ុន ឬនៅប្រទេសផ្សេងទៀតជាមួយនឹងប្រាក់ឈ្នួលខ្ពស់។ លើសពីនេះ វិទ្យាស្ថាន ITI ក៏ត្រូវបន្តពង្រីកភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Daikin ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត។

លោក​ UENO បានលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ និងថាមពលប្រកបដោយនិរន្តរភាពផងនោះ, ដំណោះស្រាយថាមពលគឺមានតម្រូវការខ្ពស់ជាងពេលមុន។ តាមរយៈការផ្តល់ការ បណ្តុះបណ្តាលស្តង់ដាអន្តរជាតិលើផ្នែកម៉ាស៊ីនត្រជាក់ ការដំឡើង និងថែទាំពីក្រុមហ៊ុន Daikin នឹងផ្តល់សិទ្ធិអំណាច ដល់យុវជនកម្ពុជាជាមួយនឹងជំនាញឯកទេស និងបង្កើតឱកាសការងារថ្មីៗ ដោយលោកបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាឧទាហរណ៍ដ៏ច្បាស់មួយ នៃសហប្រតិបត្តិការរវាងក្រុមហ៊ុនជប៉ុនឈានមុខគេ និងរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រុមហ៊ុន Daikin និងវិទ្យាស្ថាន ITI បានចុះ MoU នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញការដំឡើង និងថែទាំម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ដល់និស្សិតកម្ពុជា ជាមួយនឹងការវិនិយោគសម្រាប់ឧបករណ៍ទំនើប ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្ត្រដើម្បីបង្កើនចំនួនគ្រូបង្វឹកទៅដល់ ១០នាក់នៅឆ្នាំ២០២៩។ ចាប់ពីឆ្នាំ ២០២៤មក ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សជាង ១ ៨០០នាក់ហើយ ដែលរួមមានទាំងអ្នកបច្ចេកទេស សិស្ស និងគ្រូ TVET ផងដែរ៕

To Top