ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ប្រធានាធិបតីបារាំង ពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់ យកការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់ប្រធានាធិបតីបារាំង ពីជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់ យកការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីរវាង កម្ពុជា-ថៃ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជួបពិភាក្សាទ្វេភាគីជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាស សម្ដេច អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ លោកប្រធានាធិបតី បានគូសបញ្ជាក់ជាថ្មី នូវមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការ ដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ លោក បានគូសបញ្ជាក់ថា លោក មានសេចក្ដីរីករាយក្នុងការបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និង ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។

ជាការឆ្លើយតប, សម្តេចធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល One Health (One Health Summit)។ សម្តេចធិបតី បានសង្កត់ធ្ងន់ពីទំនាក់ទំនងជាយូរលង់ រវាងប្រទេសកម្ពុជានិងបារាំង និងថ្លែងអំណរគុណបារាំងដែលបានរួមចំណែកក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅកម្ពុជា ។ សម្តេចធិបតី ក៏បានសម្តែងសេចក្តីរីករាយចំពោះទស្សនកិច្ចផ្លូវរដ្ឋ និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ របស់ឯកឧត្តមប្រធានាធិបតី នៅកម្ពុជា នាចុងឆ្នាំ២០២៦នេះ។

ក្នុងជំនួបនេះ សម្តេចធិបតី និងលោកប្រធានាធិបតីបានពិភាក្សាប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីកម្ពុជា-បារាំង ជាពិសេសការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ” (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។

សម្តេចធិបតី និងលោកប្រធានាធិបតីបានផ្លាស់ប្តូរយោបល់លើគំនិតផ្តួចផ្តើមមួយចំនួនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងថាមពល ការពារជាតិនិងសន្តិសុខ វប្បធម៌និងបេតិកភណ្ឌ សុខាភិបាល អប់រំ និងទេសចរណ៍។

ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ក៏បានជម្រាបជូន លោក ប្រធានាធិបតីអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែន ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

To Top