អង់គ្លេសអះអាងថា បានមើលឃើញសកម្មភាព នាវាមុជទឹករុស្សី៣គ្រឿង នៅអាត្លង់ទិកខាងជើង
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស និងន័រវេស បានតាមដាននាវាមុជទឹករុស្ស៊ីចំនួនបីគ្រឿង នៅតំបន់អាត្លង់ទិកខាងជើង។
នៅក្នុងសន្និសីទសារព័ត៌មាន 10 Downing Street លោកបាននិយាយថា កងកម្លាំងអង់គ្លេស រួមជាមួយនឹងសម្ព័ន្ធមិត្តរួម ទាំងប្រទេសន័រវេស បានដឹកនាំប្រតិបត្តិការរយៈពេលមួយខែនៅអាត្លង់ទិកខាងជើង ដើម្បីតាមដាននាវាមុជទឹករុស្ស៊ី នៅជិតហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រសំខាន់ៗ រួមទាំងខ្សែកាប និងបំពង់បង្ហូរប្រេងផង។
លោកបានបន្ថែមថា ចាប់តាំងពីពេលនោះមក កប៉ាល់បានចាកចេញ ពីដែនទឹករបស់អង់គ្លេស ហើយបានធ្វើដំណើរឆ្ពោះទៅ ភាគខាងជើងដោយមិនមានសញ្ញាណាមួយនៃការខូចខាតត្រូវបានរកឃើញចំពោះហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកនោះទេ។
យោងតាមលោក Healey ប្រតិបត្តិការនេះពាក់ព័ន្ធនឹងនាវាចម្បាំងអង់គ្លេស យន្តហោះ និងបុគ្គលិករាប់រយនាក់ផងដែរ។
លោកក៏បាននិយាយដែរថា ការដាក់ពង្រាយរបស់រុស្ស៊ី រួមមាន នាវាមុជទឹកវាយប្រហារ Akula-class មួយ និងនាវាមុជទឹកជំនាញពីរគ្រឿង ដែលភ្ជាប់ជាមួយ នាយកដ្ឋានសំខាន់របស់រុស្ស៊ី សម្រាប់ការស្រាវជ្រាវសមុទ្រជ្រៅ ដែលត្រូវបានគេស្គាល់ថា GUGI៕
ប្រែសម្រួល៖ស៊ុនលី
