ប៉ាគីស្ថាន បន្ដរៀបចំសម្រាប់កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចំពេលមានរឹតបន្ដឹងសន្តិសុខ
អ៊ីស្លាម៉ាបាដ៖ ប៉ាគីស្ថាន បានបង្កើនការរៀបចំសន្តិសុខ និងភស្តុភារ ខណៈដែលគណៈប្រតិភូមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងអ៊ីស្លាម៉ាបាដ សម្រាប់កិច្ចចរចា ដែលមានហានិភ័យខ្ពស់ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលបានប្រកាសថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានឧ្យដឹងថា ផែនការដ៏ទូលំទូលាយមួយត្រូវបានរៀបចំឡើង ដើម្បីធានាសន្តិសុខដ៏រឹងមាំ សម្រាប់គណៈប្រតិភូបរទេសទាំងអស់ដែលមកទស្សនា។
ការចរចានេះត្រូវបានគេរំពឹងថា នឹងនាំមន្ត្រីជាន់ខ្ពស់ មកពីប្រទេសទាំងពីរមកជួបជុំគ្នា ជាផ្នែកមួយនៃកិច្ចខិត ខំប្រឹងប្រែងផ្នែកការទូត ដើម្បីឈានដល់ដំណោះស្រាយរយៈពេលវែង បន្ទាប់ពីជម្លោះកើនឡើងជាច្រើនសប្តាហ៍។
យោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf នឹងដឹកនាំគណៈប្រតិភូទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចពិភាក្សាជាមួយអនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក JD Vance នៅទីក្រុងអ៊ីស្លាម៉ាបាដ។
សេតវិមានបានបញ្ជាក់ថា ក្រុមសហរដ្ឋអាមេរិក នឹងរួមបញ្ចូលអ្នកតំណាងជាន់ខ្ពស់លោក Steve Witkoff និងលក Jared Kushner ដោយការចរចាជុំទីមួយត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា
