ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអៀរឡង់ នឹងប្រើប្រាស់យោធា ដើម្បីបំបែកក្រុមបាតុករ ដែលយកយានយន្តធុនធ្ងន់មកតវ៉ា រឿងប្រេងឥន្ធនៈឡើងថ្លៃ

បរទេស៖ រដ្ឋាភិបាលអៀរឡង់បានប្រកាសថា ខ្លួននឹងប្រើប្រាស់យោធា ដើម្បីបោសសម្អាតរថយន្តដឹកទំនិញ និងត្រាក់ទ័រដែលរារាំង ដល់ “ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ”។ ការតវ៉ាដែលបានចាប់ផ្តើមឡើង លើតម្លៃប្រេងឥន្ធនៈ ដែលកើនឡើងខ្ពស់បានធ្វើឱ្យទីក្រុងឌុប្លីន ជាប់គាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អៀរឡង់ លោក Jim O’Callaghan បាននិយាយថា “ការរារាំងហេដ្ឋារចនា សម្ព័ន្ធជាតិសំខាន់ៗនឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តនោះទេ ហើយជំនួយពីកង កម្លាំងការពារជាតិត្រូវបានស្នើសុំ” ។ លោក O’Callaghan បានបន្ថែមថា ក្រុមអ្នកតវ៉ាដែលមិនបំបែក ខ្លួននឹងត្រូវបង្ខំ ឱ្យផ្លាស់ទីយានយន្ត របស់ពួកគេ ហើយ “មិនគួរត្អូញត្អែរនៅពេលក្រោយ អំពីការខូចខាត ណាមួយដែលបង្កឡើងចំពោះយានយន្តទាំងនោះឡើយ”។

ក្រុមអ្នកតវ៉ានៅក្នុងរថយន្តដឹកទំនិញ ត្រាក់ទ័រ និងយានយន្តធំៗផ្សេងទៀត បានបិទផ្លូវកណ្តាលទីក្រុង ឌុប្លីនចាប់តាំងពីថ្ងៃអង្គារ ហើយបានបង្កើតក្បួនរថយន្តដែលធ្វើដំណើរយឺតយ៉ាវនៅលើផ្លូវហាយវេសំខាន់ៗទូទាំងប្រទេស។ ក្រុមអ្នកតវ៉ាក៏បានបិទកំពង់ផែនៅ Galway និង Limerick និងរោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ប្រទេសនៅ Whitegate ជិត Cork ដែលកែច្នៃប្រេងនាំចូលដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈ ៤០% របស់ប្រទេសអៀរឡង់ផងដែរ។

ការបិទផ្លូវនេះបានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសអៀរឡង់រួចហើយ ដោយស្ថានីយប្រេងឥន្ធនៈចំនួន ១០០ ត្រូវបានគេព្យាករណ៍ថានឹងអស់ នៅយប់ថ្ងៃព្រហស្បតិ៍ នេះបើយោងតាមអ្នកនាំពាក្យឧស្សាហកម្មម្នាក់បានប្រាប់ Irish Independent៕

To Top