ព័ត៌មានជាតិ

សម្ដេចធិបតី ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយវៀតណាម

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀតរវាងកម្ពុជា-វៀតណាម ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ត្រិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ក្រៅពីនេះទៀត សម្ដេចធិបតី វាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច និងសមិទ្ធផលធំៗដែលបក្ស និងរដ្ឋវៀតណាមសម្រេចបាន។ ក្នុងឱកាសនោះ សម្ដេចធិបតីក៏បានផ្ដាំផ្ញើ នូវការសួរសុខទុក្ខជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាមផងដែរ។

ចំពោះលោក ត្រិន កឹមទូ មានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី កម្ពុជានឹងបន្តសម្រេចបាន នូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីក ចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ដែលកំពុងឈានចូលដល់ដំណាក់កាលថ្មី៕

To Top