អនុប្រធានាធិបតីអាមេរិក ព្រមានអ៊ីរ៉ង់ កុំឱ្យ «លេង សើច» ជាមួយអាមេរិក មុនពេលមានកិច្ចចរចា សន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន
បរទេស៖ លោក JD Vance អនុប្រធានាធិបតីអាមេរិក បានព្រមានអ៊ីរ៉ង់កុំឱ្យ «លេងសើច» ជាមួយសហរដ្ឋអាមេរិក មុនពេលមានកិច្ចចរចាសន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន។
យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា ក្រុមរបស់លោកសង្ឃឹមថានឹង «គាំទ្រ» ដល់សាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែលុះត្រាតែអ៊ីរ៉ង់មានឆន្ទៈក្នុងការចរចា ដោយស្មោះត្រង់។
លោក Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ដែលរួមមានលោក Steve Witkoff និងលោក Jared Kushner នៅទីក្រុងអ៊ីស្លាម៉ាបាដ នៅព្រឹកថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីការពង្រីកបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ទៅជាកិច្ចព្រមព្រៀងអចិន្ត្រៃយ៍។
មុនពេលឡើងយន្តហោះ Air Force Two នៅមូលដ្ឋានទ័ពរួម Andrews ក្នុងរដ្ឋ Maryland លោក Vance បានប្រាប់អ្នកយកព័ត៌មានថា៖ «ដូចដែលប្រធានាធិបតី សហរដ្ឋអាមេរិកបាននិយាយថា ប្រសិនបើអ៊ីរ៉ង់មានឆន្ទៈ ក្នុងការចរចាដោយស្មោះត្រង់ យើងពិតជាមានឆន្ទៈក្នុងការគាំទ្រផងដែរ»។
ប្រែសម្រួល: ណៃ តុលា
