ព័ត៌មានជាតិ

សម្តេចធិបតី ៖ គម្រោងផ្លូវទឹកព្រែកជីហ្វូណនតេជោ នឹងក្លាយជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់

តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ផ្លូវទឹកព្រែកជីហ្វូណនតេជោ ដំណាក់ទី២ ដែលបើកការដ្ឋានសាងសងនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់កម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ស្ថិតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្កី មានប្រសាសន៍ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដំណាក់កាលទី២ ប្រវែង ១៥១,៦ គីឡូម៉ែត្រឆ្លងកាត់ ទៅខេត្តកែបនៅទិសនិរតី ដែលជាទិសសំខាន់នេះ នឹងផ្តល់ផលប្រយោជន៍ធំធេង នឹងប្រែក្លាយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់។

សម្ដេចធិបតីបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយផ្ទាល់ដល់ខេត្តចំនួន៤ដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែលទទួលផលដោយផ្ទាល់នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដាខេត្តនៅជាប់បឹងទន្លេសាប និង ទន្លេ មេគង្គទាំងនៅភាគខាងជើង រួមទាំងភាគខាងត្បូង ក៏នឹងបានទទួលផល ដោយប្រយោល ពីគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ។

សម្ដេចធិបតីបន្ថែមថា ព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ សង្កតធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយស ប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សម្តេចធិបតីមានប្រសាសន៍គូសបញ្ជាក់ថា “ផ្លូវទឹកមួយនេះ គឺជាសរសៃឈាមតភ្ជាប់ ដែលមិនត្រូវតែខេត្ត៤ជាប់ផ្ទាល់នេះទេ តភ្ជាប់ពីរាជធានីភ្នំពេញ តែក៏ជាការភ្ជាប់ពីសមុទ្រ ផ្លូវទឹកសាបនេះខេត្តជាប់ទន្លេសាប មេគង្គទិសខាងជើង ដល់ទិសខាងត្បូង”។

សូមបញ្ជាក់ថា បន្ទាប់ពីគម្រោងបានដំណើរការ នឹងបង្កើតឱកាសការងារថ្មីៗបន្ថែមទៀតក្នុងការគ្រប់គ្រង ប្រតិបត្តិការ ថែទាំ និងអភិវឌ្ឍន៍សកម្មភាពពាក់ព័ន្ធ នឹងការដឹកជញ្ជូន និងពាណិជ្ជកម្មតាមផ្លូវទឹក ដែលនឹងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅតាមតំបន់ជុំវិញ ដោយបង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដូចជា អាជីវកម្មតូច និងមធ្យម ផ្សារ សេវាកម្មស្នាក់នៅ និងអាហារដ្ឋាន ៕

To Top