ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់ នៅប្រទេសកូរ៉េខាងត្បូង រួមគ្នារៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សាធារណរដ្ឋកូរ៉េ៖ ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង ប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពីរតំបន់ រួមមាន វត្តខ្មែរហ្វាសង់ នៅក្រុងហ្វាសង់ ខេត្តខ្យង់គីដូ និងតំបន់ឆាំងវ៉ុន ខេត្តខ្យង់សាំងណាំដូ សាធារណរដ្ឋកូរ៉េ។

កម្មវិធីនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរទៅកាន់ឆាកអន្តរជាតិក៏ដូចជានៅប្រទេសកូរ៉េខាងត្បូង និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។ កម្មវិធីក៏មានការរៀបចំពិធីសាសនា ដើម្បីបួងសួង និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពីការឈ្លានពានរបស់ប្រទេសជិតខាង និងមានការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តផងដែរ។

កម្មវិធីនេះ មានការចូលរួមគាំទ្រដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង វត្តខ្មែរហ្វាសង់ សមាគមខ្មែរជួយខ្មែរឆាំងវ៉ុន និងសហគមន៍ខ្មែរជាច្រើនពាន់នាក់ និងមានវត្តមាន លោក សេង សក្តា រដ្ឋលេខាធិការ អញ្ជើញជាតំណាងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រីចូលរួមជាអធិបតីផងដែរ៕







