ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន និងភរិយា អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រួសារវីរកងទ័ពកម្ពុជា ឈរជើងនៅសមរភូមិមុខចំនួន ៤៣២គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារ វីរកងទ័ពកម្ពុជាឈរជើងនៅសមរភូមិមុខចំនួន ៤៣២គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ជូនថា៖ នៅទូទាំងស្រុកសាមគ្គីមានជ័យ មានប្រជាពលរដ្ឋដែលមានគ្រួសារកំពុងឈរជើងនៅសមរភូមិមុខ ជាប់ព្រំដែនកម្ពុជា-ថៃ សរុបចំនួន ៤៣២គ្រួសារ។ លោកបានបញ្ជាក់ជូនថា វីរកងទ័ពដែលរងរបួស និងគ្រួសារវីរកងទ័ពទាំងអស់ នៅទូទាំងស្រុកសាមគ្គីមានជ័យ តែងតែទទួលបានការយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខជាប្រចាំ តាមរយៈអាជ្ញាធរភូមិ ឃុំ រដ្ឋបាលស្រុក ជាពិសេសក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក និងឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ។ ជាមួយគ្នានោះ បងប្អូនពលករដែលវិល ត្រឡប់ពីប្រទេសថៃ ក៏ត្រូវបានយកចិត្តទុកដាក់ តាមរយៈការជួយឱ្យទទួលបាន ការងារធ្វើជាបន្ដបន្ទាប់។

អញ្ជើញមានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ លោក ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភជានិច្ចពីសុខទុក្ខរបស់បងប្អូនគ្រួសារវីរកងទ័ព ព្រមទាំងបាននាំមកជាមួយនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាក្រុមគ្រួសារវីរកងទ័ពនៅសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោករដ្ឋមន្ដ្រី ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី តាមរយៈការចរចារទ្វេរភាគីដោយប្រើប្រាស់យន្ដការដែលមានស្រាប់ ការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងបញ្ចៀសឱ្យផុតពីការប៉ះទង្គិចគ្នាដោយអាវុធ ឬការធ្វើសង្គ្រាម។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរនិង ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាព ព្រមទាំងបានធ្វើការថ្លែអំណរគុណចំពោះក្រុមគ្រួសារបស់វីរកងទ័ពគ្រប់រូបដែលបានអនុញ្ញាតឱ្យប្តី ប្អូន និងកូន ទៅបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តជឿទុកចិត្តលើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ព្រមទាំងបានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ ជាពិសេសសូមជូនពរដល់វីរកងទ័ពជួរមុខសូមមានសុខភាពល្អមាំមួន និងទទួលជ័យជម្នះគ្រប់សមរភូមិ៕

To Top