រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃ៧៥អង្គ អបអរសាទរទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ
ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ ចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “រាក្សាសាទេវី” ជាបុត្រីទី៣របស់ កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង១០និង៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួម ជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងសាលាខណ្ឌទាំង១៤មន្ទីរ អង្គភាពស្ថាប័ននានា យ៉ាងច្រើនកុះករ នៅសាលារាជធានីភ្នំពេញ។

ពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ បានបង្ហាញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេសក្នុងឧិកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផង ទាំងពួងដែលកើតមានកាលពីឆ្នាំចាស់ និងសុំពរជ័យពីទេវតាឆ្នាំថ្មី ក៏ដូចរួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៏ជាតិដ៏ល្អផូរផង់ខ្មែរយើង។

នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជា កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍនៅរាជធានីភ្នំពេញ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕



