ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា លោកមិនខ្វល់ទេថា ពេលណាដែលអ៊ីរ៉ង់នឹងវិលត្រឡប់មកតុចរចាវិញនោះទេ

បរទេស ៖ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីហោះហើរត្រឡប់មកពីរដ្ឋផ្លរីដាវិញ លោក ដូណាល់ ត្រាំ ត្រូវបានគេសួរថា វាអាចនឹងចំណាយពេលប៉ុន្មាន មុនពេលមន្ត្រីអ៊ីរ៉ង់វិលត្រឡប់មកតុចរចាវិញ ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយមួយ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានឆ្លើយថា “ខ្ញុំមិនខ្វល់ទេថា តើពួកគេត្រឡប់មកវិញឬអត់”។ “ប្រសិនបើពួកគេមិនត្រឡប់មកវិញទេ ខ្ញុំក៏មិនអីដែរ”។

លោក ត្រាំ បាននិយាយថា ក្នុងអំឡុងពេលចរចាចុងសប្តាហ៍ ដែលដឹកនាំដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance អ៊ីរ៉ង់បាននិយាយថា ពួកគេកំពុងជំរុញឱ្យមានអាវុធនុយក្លេអ៊ែរ។

លោកបានមានប្រសាសន៍ថា “ពួកគេនៅតែចង់បានអាវុធនុយក្លេអ៊ែរ ហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់នៅយប់មុន។ អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ” ។

សូមជម្រាបថា លោក JD Vance ដែលជាអនុប្រធានាធិបតីអាមេរិក ប្រកាសថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់បន្ទាប់ពីរយៈពេល ២១ ម៉ោងដោយគ្មានកិច្ចព្រមព្រៀង ដែលជា «ដំណឹងអាក្រក់សម្រាប់អ៊ីរ៉ង់ ច្រើនជាងដំណឹងអាក្រក់សម្រាប់សហរដ្ឋអាមេរិក»៕
ប្រែសម្រួលៈ ណៃ តុលា

To Top