រដ្ឋមន្រ្តីសុខាភិបាល ចុះទៅមណ្ឌលសុខភាពអូររាំង ដោយមិនជូនដំណឹងជាមុន
ភ្នំពេញ ៖ ក្នុងក្របខណ្ឌនៃការ តាមដានគុណភាពសេវាសុខាភិបាលជាបន្តបន្ទាប់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យដោយមិនជូនដំណឹងមុន ទៅកាន់មណ្ឌលសុខភាពអូររាំង ខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី១២ មេសា។

ក្នុងឱកាសចុះទៅកាន់មណ្ឌលសុខភាពអូររាំងនេះ រដ្ឋមន្រ្តីបាន រកឃើញចំណុចវិជ្ជមានមួយចំនួនដូចជា ៖ ការចូលមកទទួលសេវា សុខាភិបាលល្អ សម្រាប់ប្រជាពលរដ្ឋ , ការព្យាបាល និងការថែទាំអ្នកជំងឺមានភាពសមស្រប និងគាំទ្រចំណុចមួយចំនួន ដែលត្រូវឱ្យប្រសើរឡើង ។

ចំណុចធ្វើឱ្យប្រសើរឡើងនោះរួមមាន ៖ អនាម័យល្អ ស្របនឹងស្តង់ដារដែលបានកំណត់ , ការរៀបចំ និងការគ្រប់គ្រងមានប្រសិទ្ធភាព ក្នុងការបម្រើសេវា , បរិក្ខារនៅបន្ទប់សម្រាលឱ្យគ្រប់គ្រាន់ ធានាបាននូវភាពសមរម្យ លើកកម្ពស់ការគោរពខ្ពស់សម្រាប់មាតា និងទារក , ការចូលប្រើសេវាពិគ្រោះជំងឺឱ្យបានកាន់តែប្រសើរច្រើនឡើង និងអត្រាគ្របដណ្តប់ការចាក់វ៉ាក់សាំង បានប្រសើរបន្ថែម ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី បានគាំទ្រឱ្យមណ្ឌលសុខភាពទូទាំងប្រទេស ត្រូវតែជាកន្លែងដែលប្រជាពលរដ្ឋមានការទុកចិត្ត មានគុណភាព និងគោរពសេចក្តីថ្លៃថ្នូរចំពោះអ្នកជំងឺ៕










