ជនបរទេស ១,៦៣៧នាក់ មាន ៣២សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនបរទេស ១,៦៣៧នាក់ទៀតមាន ៣២សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៦ ដល់ទី១១ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,៦៣៧នាក់ ស្រី ២០៨នាក់។

ជនបរទេសទាំងនោះ មាន ៣២សញ្ជាតិ រួមមាន ៖ សេរ៉ាឡេអូន មីយ៉ាន់ម៉ា ប៉ាគីស្ថាន ស្រីលង្កា ចិន វៀតណាម ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា រ៉ូម៉ានី ចិនតៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី បង់ក្លាដេស កាមេរូន ហ្គាណា យ៉ូហ្គង់ដា ឡាវ ថៃ ម៉ាឡាវី នេប៉ាល់ តូហ្គោល រវ៉ាន់ដា ទួកគី អេត្យូពី ហ្វីលីពីន អៀរឡង់ ប៊ូរុនដា លីបេរីយ៉ា កេនយ៉ា ឡាវ អាហ្វ្រិកខាងត្បូង និងកូរ៉េ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៥០៥នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះ ជនរងគ្រោះដែលត្រូវមេខ្លោងបោក បញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
