ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ.ជ.ប ប្រារព្ធពិធីអបអរសាទរ​ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) អនុប្រធាន គ.ជ.ប សមាជិក គ.ជ.ប ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានចូលរួមអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី  អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅទីស្តីការ គ.ជ.ប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ប្រធាន គ.ជ.ប បានបួងសួងដល់ទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការមានដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រោសព្រំប្រសិទ្ធិពរជ័យសព្វសាធុការ ជូនដល់បងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសវីរយុទ្ធជន វីរនគរបាលជាតិទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក៏ដូចជាបងប្អូនជនភៀសសឹក សូមសមប្រកបដោយសេចក្តីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

To Top