ព័ត៌មានអន្តរជាតិ

ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទ របស់លោក Xi Jinping ស្តីពីអំណានទូទាំងប្រទេស

ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែមេសា នឹងចុះផ្សាយអត្ថបទសំខាន់មួយ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ជំរុញអំណានទូទាំងប្រទេស កសាងសង្គមអំណាន »។ អត្ថបទនេះដកស្រង់ពីបទអត្ថាធិប្បាយសំខាន់ៗរបស់លោក Xi Jinping ចាប់ពីខែមីនា ឆ្នាំ ២០១៣ ដល់ខែមីនា ឆ្នាំ ២០២៥ ។

អត្ថបទនេះលើកឡើងថា អំណានជាមធ្យោបាយសំខាន់សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើនតម្រិះប្រាជ្ញា និងកសាងគុណធម៌។ យើងត្រូវកសាងសង្គមអំណាន ដើម្បីបង្កើនកម្លាំងខាងវិញ្ញាណរបស់ប្រជាជន។ សមាជិកបក្សកុម្មុយនីស្តចិនគួរចាត់ទុកការអានសៀវភៅល្បីៗ នៃលទ្ធិម៉ាក្សនិយមជាទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កម្មាភិបាលបក្សគួរអានសៀវភៅ ដើម្បីបន្តរៀនសូត្រចំណេះដឹងទូទៅនិងចំណេះដឹងថ្មីៗ ខាងវិស័យសេដ្ឋកិច្ច នយោបាយ ច្បាប់ វប្បធម៌ សង្គម អភិបាលកិច្ច អេកូឡូស៊ី និងអន្តរជាតិជាដើម ក៏ដូចជារៀនសូត្រពីជំនាញថ្មីៗឱ្យបានច្រើន។

អត្ថបទនេះលើកឡើងថា យុវជនគ្រប់រូបគួរថ្នាក់ថ្នមពេលវេលាដែលថ្លៃដូចមាស កុំយកលេសថាជាប់រវល់នឹងការងារគ្មានពេលរៀនសូត្រ ។ គួរកសាងបរិយាកាសសង្គមដែលប្រជាជនគ្រប់រូបរៀនសូត្រពេញមួយជីវិត ដើម្បីលើកកម្ពស់គុណវុឌ្ឍិធនធានមនុស្សគ្រប់ជ្រុងជ្រោយ ។ សង្ឃឹមថាក្មេងៗនឹងបណ្តុះទម្លាប់អំណាន ហើយធំធាត់ឡើងប្រកបដោយសុខភាពល្អ៕

To Top