លោក Xi Jinping ធ្វើកិច្ចជំនួបពិភាក្សា ជាមួយលោក Tô Lâm
ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅវិមានប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបពិភាក្សាជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើការ ជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាពខ្ពស់ ។ ការគាំពាររបបសង្គមនិយម និងឋានៈកាន់អំណាច នៃបក្សកុម្មុយនីស្តជាផលប្រយោជន៍ ជាយុទ្ធសាស្ត្ររួមដ៏សំខាន់បំផុត នៃបក្សទាំងពីរ ។ ភាគីទាំងពីរគួរពួតដៃគ្នា ដើរតាមមាគ៌ាទំនើបកម្ម រួមគ្នាប្រឆាំងនឹងឯកតោភាគីនិយម ការគាំពារនិយម និងរួមគ្នាឆ្លើយតបបញ្ហា ប្រឈមសកល ។ ឆ្នាំ ២០២៦ ជាខួប ៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ភាគីចិនមានឆន្ទៈបង្កើន កិច្ចសម្របសម្រួលជាមួយ ប្រទេសក្នុងតំបន់ ដើម្បីកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ានដែលកាន់តែស្អិតល្មួត ។
ជាការឆ្លើយតប លោក Tô Lâm បានថ្លែងថា ភាគីវៀតណាមគាំទ្រនយោបាយចិនមួយ មានឆន្ទៈបង្កើនកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយចិន ដើម្បីគ្រប់គ្រងតំបន់ព្រំដែនគោកឱ្យកាន់តែល្អនិងគាំពារសន្តិភាព នៃដែនសមុទ្រ។ ភាគីវៀតណាមគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់សមមិត្ត Xi Jinping ហើយមានឆន្ទៈធ្វើការជាមួយចិន ដើម្បីជំរុញការកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួប ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគី រវាងចិននិងវៀតណាម ក្នុងវិស័យដូចជាអន្តរបក្ស សន្តិសុខសាធារណៈ សេដ្ឋកិច្ច ប្រព័ន្ធសារព័ត៌មាន ពន្ធគយ បច្ចេកវិទ្យា និងសង្គមស៊ីវិលជាដើម ព្រមទាំងជួបសំណេះ សំណាលជាមួយតំណាង នៃយុវជនប្រទេសទាំងពីរ ដែលទើបបានបញ្ចប់ដំណើរ ទស្សនកិច្ចសិក្សាអំពីប្រវត្តិសាស្ត្របដិវត្តន៍ក្រហម។
នៅវេលាថ្ងៃត្រង់ថ្ងៃដដែល លោកXi Jinping និងលោកស្រី Peng Liyuan ជាភរិយា បានរៀបចំពិធីលៀងភោជនាហារចំពោះលោក Tô Lâm និងភរិយានៅវិមានប្រជាជន៕
