ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការរៀបចំបុណ្យចូលឆ្នាំខ្មែរ បញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើគ្រប់វិស័យ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សបញ្ជាក់ថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ និងលើពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងសប្បាយរីករាយ នៅគ្រប់ទិសទីតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ពីដូនតា ដូចការគ្រោងទុក។

លោកថា មរតកវប្បធម៌ ដ៏មានតម្លៃដែលបុព្វបុរសខ្មែរបន្សល់ទុកត្រូវបានសង្គ្រោះ និងថែរក្សាបានគង់វង្សរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ដោយរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីរបបប៉ុលពតបានលុបបំបាត់ ចោលអស់រយៈពេលជិត៤០ឆ្នាំ ។

អ្នកនាំពាក្យបន្ថែមថា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសបានរួមគ្នា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ក្នុងបរិយាកាសសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងនាមមហាគ្រួសារខ្មែរ ដោយមិនភ្លេចកាតព្វកិច្ចការពារបូរណភាពទឹកដីនិងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់ថា “សរុបមកវិញ ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សបញ្ជាក់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ និងលើពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ ពោលគឺដៃម្ខាងការពារបូរណភាពទឹកដី ដៃម្ខាងទៀតដោះស្រាយបញ្ហា ប្រឈមនានា របស់ប្រជាពលរដ្ឋភៀសសឹកផង យកចិត្តទុកដាក់ចំពោះសុខទុក្ខវីរយុទ្ធជននៅជួរមុខផង និងរក្សាប្រក្រតីភាពនិងនិរន្តរភាពសង្គម-សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋខ្មែរជាង១៧លាននាក់ផង ដោយមិនអាចបោះបង់ចោលផ្នែកណាមួយបានឡើយ” ។

អ្នកនាំពាក្យបន្ថែមថា នេះគឺជាតួនាទីប្រកបដោយការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

To Top