ព័ត៌មានជាតិ

ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ៖ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្ដនោះ ត្រូវចូលខ្លួនដោះស្រាយ ឱ្យទាន់ពេលវេលា

ភ្នំពេញ ៖ ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះ ត្រូវចូលខ្លួនដោះស្រាយនៅអធិការខណ្ឌដូនពេញ ឱ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ បានលេីកឡេីងបែបនេះ ក្នុងកិច្ចដឹកនាំប្រជុំ ពង្រឹងសនតិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែមជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅទីបញ្ជាការស្រាលវត្តភ្នំ។

លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ ថា «ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះ សូមចូលខ្លួនដោះស្រាយ នៅអធិការខណ្ឌដូនពេញ ឱ្យទាន់ពេលវេលា (តែបើជំនាញតាមចាប់ខ្លួន គឺអនុវត្តន៌និតិវិធីច្បាប់ អត់លើកលែងទេ ព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ)» ។

លោកឧត្តមសេនីយ៍ ឯក បន្ដថា «ខ្ញុំអត់ដែលនិយាយលេងទេ សូមអណាព្យាបាល បើដឹងថា កូនក្មួយខ្លួនពាក់ព័ន្ឋ បញ្ជូនមកសារភាពបន្ទាន់»។

សូមរំលឹកថា ចំពោះហេតុការណ៍នេះ គឺនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ ជាមួយនឹងម៉ូតូ១គ្រឿង ។

ក្រោយកើតហេតុការណ៍ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្ត មកកាន់មកប៉ុស្តិ៍ នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួន ពីក្រោយ ហើយគាត់ក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបជាមួយម្ចាស់រថយន្តនោះទេ ហើយអ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល បន្ទាប់មកក៏ឡើងរថយន្តបើកចេញ ភ្លាមនោះម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ ភ្លាមនោះផងដែរ ប្រជាពលរដ្ឋមានការយល់ច្រឡំ ស្មានថា រថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខនិងក្រោយ ដោយឡែកសមត្ថកិច្ច ទទួលបានព័ត៌មានក៏ចុះអន្តរាគមន៍ ក៏នាំយករថយន្តនិងអ្នកបើកបរ យកមកកន្លែងសមត្ថកិច្ច បញ្ចៀសកុំឲ្យកើតមានអំពើហិង្សាកើតឡើង ចំពោះមុខករណីនេះសមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវ ស្វែងរកភាគីម្ខាងទៀតដើម្បីសាកសួរ៕

To Top