ព័ត៌មានជាតិ

សកម្មភាពសង្គមស៊ីវិលចិន ចូលរួមចំណែកសំខាន់ ក្នុងការលើកកម្ពស់ការងារ មនុស្សធម៌នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងរយៈពេលចុងក្រោយនេះ តួនាទីរបស់សង្គមស៊ីវិលនៃប្រទេសចិន បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព រវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ។ តាមរយៈសកម្មភាពមនុស្សធម៌ ដែលចុះផ្ទាល់ដល់មូលដ្ឋាន សង្គមស៊ីវិលចិន មិនត្រឹមតែនាំមកនូវជំនួយ សម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដល់នូវ “ជីវិតថ្មី” និងសេចក្ដីសង្ឃឹមដល់ក្រុមគ្រួសារកម្ពុជាជាច្រើននៅតាមតំបន់ដាច់ស្រយាល។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ថា សង្គមស៊ីវិលរបស់ប្រទេសចិន កំពុងមានតួនាទីកាន់តែសំខាន់ និងកាន់តែសកម្មក្នុងការពង្រឹង ទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជានិងចិន តាមរយៈសកម្មភាព ជាក់ស្តែងដែលឆ្លើយតបទៅនឹងតម្រូវការ របស់សហគមន៍មូលដ្ឋាន។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ដឹង ការជឿទុកចិត្ត និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រជាជននិងប្រទេសយេីងទាំងពីរថែមទៀតផង ។
លោកបណ្ឌិតបន្តថា ក្នុងវិស័យសុខាភិបាល ក្រុមគ្រូពេទ្យចិនបានប្រើប្រាស់រថយន្តពេទ្យចល័ត ដែលគ្រប់គ្រងដោយសមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីចូលទៅពិនិត្យ និងព្យាបាលជំងឺបេះដូងចំហជូនកុមារកម្ពុជា ដល់ខេត្តកំពត ។ សកម្មភាពនេះ បានផ្តល់ឱកាសរស់រានមានជីវិតថ្មី ដល់កុមារកម្ពុជាជាច្រើន និងបង្ហាញពីមនុស្សធម៌ដ៏ជ្រាលជ្រៅ របស់មិត្តចិន ។
ក្នុងវិស័យអប់រំ និងវប្បធម៌ មិត្តចិន បានចូលរួមជួយកែលម្អសោភណភាពបណ្ណាល័យនៅតាមជនបទ បង្កើនលទ្ធភាពឲ្យសិស្សានុសិស្ស អាចចូលដំណើរការប្រភពចំណេះដឹង បានកាន់តែងាយស្រួល ។ វាជាជំហានសំខាន់ក្នុងការបើកបង្អួចពុទ្ធិ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត ។
លើសពីនេះទៀត ការផ្តល់ចង្ក្រានបង្កើនថាមពល ជួយកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ និងការបំពុលបរិស្ថាន ខណៈដែលការផ្តល់ធុងសំរាម និងការចូលរួមសកម្មភាពអនាម័យបរិស្ថាន បានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថានរស់នៅឲ្យកាន់តែល្អប្រសើរ។ ជាពិសេស ការចូលរួមជាចំណែកគាំទ្រ បេសកកម្មរបស់ CMAC ក្នុងសកម្មភាពបោសសម្អាតមីន ក៏ជាការជួយសង្គ្រោះជីវិត និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា នៅតំបន់ដែលរងផលប៉ះពាល់ពីសង្គ្រាមកន្លងមក។

ជារួម សកម្មភាពរបស់សង្គមស៊ីវិលចិនទាំងនេះ គឺជាសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលផ្អែកលើគោលការណ៍មិត្តភាព សហការណ៍ និងការចែករំលែកអត្ថប្រយោជន៍រួម។ វាបានក្លាយជាស្ពានមនុស្សធម៌មួយ ដែលភ្ជាប់បេះដូងប្រជាជន ទាំងពីរប្រទេសឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ។

លោកបណ្ឌិតជា មុនីឫទ្ធិបានបញ្ជាក់ថា សកម្មភាពទាំងអស់នេះគឺជាសមិទ្ធផលជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងប្រជាជននិងប្រជាជន ដែលផ្អែកលើគោលការណ៍មិត្តភាព និងការចែករំលែក។ វាមិនមែនគ្រាន់តែជាជំនួយបច្ចេកទេសនោះទេ ប៉ុន្តែវាគឺជា “ស្ពានមនុស្សធម៌” ដែលភ្ជាប់បេះដូងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំ និងមានទំនុកចិត្តលើគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន និងជាដៃគូអភិវឌ្ឍន៍ដ៏ស្មោះត្រង់៕

To Top