លោក ដូណាល់ ត្រាំ ហៅណាតូថា «គ្មានប្រយោជន៍» និងឲ្យអង្គការនេះ «នៅឱ្យឆ្ងាយពីច្រកសមុទ្រហ័រមូស»
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារ ទៅលើអង្គការណាតូម្តងទៀត ដោយសង្កត់ធ្ងន់ថា លោកមិនត្រូវការជំនួយ ពីអង្គការនេះនៅក្នុងច្រកសមុទ្រហ័រមូសនោះទេ ហើយនិយាយថា ប្លុកយោធានេះ «គ្មានប្រយោជន៍នៅពេលត្រូវការ» ក្នុងអំឡុងពេលសង្គ្រាមលើអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា នៅរសៀលថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាជី បានប្រកាសថា ច្រករបៀងដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់នេះ «បើកចំហទាំងស្រុង» សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ សម្រាប់រយៈពេលដែលនៅសល់នៃបទឈប់បាញ់អ៊ីស្រាអែល-លីបង់ ដែលគ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយ។
ត្រឹមតែមួយម៉ោងក្រោយមក លោក ត្រាំ បានឲ្យដឹងនៅលើ Truth Social ថា ច្រកសមុទ្រហ័រមូស ត្រូវបានបើកចំហសម្រាប់ចរាចរណ៍ ដោយក្រោយមកអះអាងថា ទីក្រុងតេហេរ៉ង់បានយល់ព្រម «មិនបិទវាម្តងទៀតឡើយ»។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ការបិទផ្លូវក្នុងតំបន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងនាវាអ៊ីរ៉ង់នឹងបន្តរហូតដល់ការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបានបំពេញ។
លោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្ត ណាតូ របស់លោកអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ចំពោះការមិនចូលរួមក្នុងសង្គ្រាមអ៊ីរ៉ង់ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបិទច្រកសមុទ្រនេះយ៉ាងមានប្រសិទ្ធភាពចំពោះកប៉ាល់ពីអ្វីដែលអ៊ីរ៉ង់ហៅថា ប្រទេសដែលមានអរិភាព។ ប្រធានាធិបតីអាមេរិកបានបង្ហើបថា សហរដ្ឋអាមេរិកគឺអាចចាកចេញពីប្លុកយោធាមួយនេះ។
ប្រែសម្រួលៈ ណៃ តុលា
