ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍កំពូលអាមេរិកថា អាមេរិកនឹងតាមរកនាវា ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​នៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក

បរទេស៖ លោក Dan Caine ប្រធាន​អគ្គសេនាធិការ​ចម្រុះ​របស់អាមេរិក បាន​មានប្រសាសន៍​ថា សហរដ្ឋអាមេរិក​បាន​ពង្រីក​ការបិទផ្លូវ​ច្រកសមុទ្រ Hormuz ដោយ​ប្រាប់​យោធា​របស់ខ្លួន ​ឲ្យ​ស្វែងរកនាវា ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​នៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ឈប់កប៉ាល់ ពីការចូលទៅកាន់កំពង់ផែ អ៊ីរ៉ង់នៅថ្ងៃចន្ទ បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាង របស់ទីក្រុងតេហេរ៉ង់នៅប្រទេសប៉ាគីស្ថានបានបរាជ័យ។ អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz សម្រាប់អាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសនេះនៅថ្ងៃទី ២៨ ខែកុម្ភៈ។ ការបិទផ្លូវទឹកសំខាន់របស់សហរដ្ឋអាមេរិក ដែលមានចំនួនប្រហែល 20% នៃពាណិជ្ជកម្មប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) អន្តរជាតិ បានបង្កើនភាពតានតឹងលើសេដ្ឋកិច្ចពិភពលោកបន្ថែមទៀត ដែលបណ្តាលឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំង ។

លោក Caine បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រថា កងកម្លាំងអាមេរិកនៅខាងក្រៅតំបន់ឈូងសមុទ្រពែក្ស ក៏នឹង «ដេញតាមនាវាដែលមានទង់ជាតិអ៊ីរ៉ង់ ឬនាវាណាមួយដែលព្យាយាមផ្តល់ការគាំទ្រសម្ភារៈដល់អ៊ីរ៉ង់» ។

ប្រធាន​អគ្គសេនាធិការ​ចម្រុះ ​អាមេរិករូបនេះ បាន​លើកឡើង​ពីប្រតិបត្តិការនៅប៉ាស៊ីហ្វិក ដោយនិយាយថា សហរដ្ឋអាមេរិកនឹងដេញ តាមនាវាដែលចាកចេញពីកំពង់ផែអ៊ីរ៉ង់ មុនពេលការបិទផ្លូវបានចាប់ផ្តើម នេះបើយោងតាម ​​AP។
ប្រែសម្រួលៈ ណៃ តុលា

To Top