ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បដិសេធមិនចូលរួមក្នុងកិច្ចចរចា សន្តិភាពជុំទីពីរ ជាមួយសហរដ្ឋអាមេរិក

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានចុះផ្សាយថា ប្រទេសនេះបានបដិសេធ មិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទីពីរជាមួយសហរដ្ឋអាមេរិក។

អវត្តមានរបស់អ៊ីរ៉ង់​ ពីកិច្ចចរចាជុំទីពីរ «កើតចេញពីអ្វីដែលខ្លួនហៅថាការទាមទារហួសហេតុរបស់ទីក្រុងវ៉ាស៊ីនតោន ការរំពឹងទុកមិនប្រាកដនិយម ការផ្លាស់ប្តូរជំហរឥតឈប់ឈរ ភាពផ្ទុយគ្នាម្តងហើយម្តងទៀត និងការបិទផ្លូវកងទ័ពជើងទឹកដែលកំពុងបន្ត ដែលខ្លួនចាត់ទុកថាជាការរំលោភលើបទឈប់បាញ់»។

នៅក្នុងរបាយការណ៍មួយផ្សេងទៀតដែលបានបោះពុម្ពផ្សាយជាភាសាហ្វាស៊ី IRNA បានឧ្យដឹងថា របាយការណ៍ដែលចេញផ្សាយអំពីកិច្ចចរចាសន្តិភាពជុំទីពីររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោននៅទីក្រុងអ៊ីស្លាម៉ាបាដ «មិនពិតទេ»។ ស្ថាប័ននេះបានពិពណ៌នាអំពីរបាយការណ៍ដែលចេញផ្សាយដោយសហរដ្ឋអាមេរិកថា​ ជាផ្នែកមួយនៃ “ល្បែងប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមល្បែងស្តីបន្ទោស” ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា “ការទាមទារហួសហេតុ មិនសមហេតុផល និងមិនប្រាកដនិយមរបស់សហរដ្ឋអាមេរិក ការផ្លាស់ប្តូរជំហរជាញឹកញាប់ ការកត់សម្គាល់ផ្ទុយគ្នាឥតឈប់ឈរ ការបន្តនៃការបិទផ្លូវកងទ័ពជើងទឹក” រហូតមកដល់ពេលនេះបានរារាំងដល់វឌ្ឍនភាពនៃការចរចា។

IRNA បានបន្ថែមថា ក្រោមកាលៈទេសៈបច្ចុប្បន្ន មិនមាន “ទស្សនវិស័យភ្លឺស្វាង” សម្រាប់ការចរចាប្រកបដោយផ្លែផ្កានោះទេ។
នៅថ្ងៃទី២៨​ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។

អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលកំណត់គោលដៅមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា និងអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top