ព័ត៌មានជាតិ

ទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ចែករំលែកបទពិសោធន៍ ក្នុងវិស័យការទូត ជាង២០ឆ្នាំ ក្នុងកម្មវិធី AWMUN XIII

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានចែករំលែកបទពិសោធន៍ ក្នុងវិស័យការទូតជាង២០ឆ្នាំ ក្នុងកម្មវិធី «13th ASIA World Model United Nations – AWMUN XIII » លើកទី១៣ នៅទីក្រុងសេអ៊ូល ។

ការលើកឡើងរបស់លោក ឃួន ផុនរតនៈនេះធ្វើឡើងក្នុងកម្មវិធី «13th ASIA World Model United Nations – AWMUN XIII » លើកទី១៣ នៅទីក្រុងសេអ៊ូល ។

កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Swiss Grand ក្នុងទីក្រុងសេអ៊ូល រៀបចំដោយគណៈកម្មាធិការ ASIA World Model United Nations-AWMUN ដែលមានការចូលរួមពីយុវជនមកពីប្រទេសចំនួន២៥ផ្សេងគ្នា រួមទាំងកម្ពុជាផងដែរ។

លោក ឃួន ផុនរតៈ ដែលត្រូវបានអញ្ជើញធ្វើជាវាគ្មិន ក្នុងកម្មវិធីបានចែករំលែកបទពិសោធន៍ របស់ឯកឧត្តមផ្ទាល់ដែលបានឆ្លងកាត់ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិអស់រយៈពេលជាង២០ឆ្នាំ កន្លងមកនេះ។

លោកបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទេះនឹងបញ្ហាប្រឈមជាច្រើនដូចជា ជម្លោះភូមិសាស្ត្រនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស វេទិកានេះ បានជួយពង្រឹងដល់ការយល់ដឹង បង្កើនសមត្ថភាពផ្នែកនយោបាយការទូតអន្តរជាតិ បង្កើតបណ្តាញទំនាក់ទំនងល្អជាអន្តរជាតិ និងជួយចង្អុលបង្ហាញផ្លូវសម្រាប់អ្នកដឹកនាំជំនាន់ក្រោយក្នុងផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ។

ក្នុងកាលៈទេសៈដ៏សំខាន់នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបញ្ជាក់បន្ថែមថា កម្ពុជានៅតែបន្តបង្ហាញពីការ ចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រការអប់រំយុវជន និងបង្កើតឱកាសឱ្យយុវជនចូល រួមក្នុងវេទិកាផ្សេងៗលើឆាកអន្តរជាតិ ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេ និងអាចឱ្យពួកគេមានទស្សនៈវិស័យទូលំទូលាយដើម្បីចូលរួមចំណែកកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

To Top