អ៊ីរ៉ង់ វាយប្រហារនាវាយោធា អាមេរិកដើម្បីសងសឹក ចំពោះការរឹបអូសកប៉ាល់របស់ខ្លួន
បរទេស៖ អ៊ីរ៉ង់ឧ្យដឹងថា ខ្លួនបានវាយប្រហារនាវាយោធាអាមេរិក ដើម្បីសងសឹកចំពោះការរឹបអូសកប៉ាល់អ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វេីឧ្យស្ថានការណ៍នៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសច្រកសមុទ្រហ័រមូស កាន់តែតានតឹង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កងកម្លាំងអាមេរិក បានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមគេចពីការបិទផ្លូវរបស់ខ្លួននៅក្នុងឈូងសមុទ្រអូម៉ង់។
លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ថ្ងៃនេះ កប៉ាល់ដឹកទំនិញ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះ TOUSKA ដែលមានប្រវែងជិត ៩០០ ហ្វីត និងមានទម្ងន់ស្ទើរតែស្មើនឹងនាវាផ្ទុកយន្តហោះ បានព្យាយាមឆ្លងកាត់ការបិទផ្លូវកងទ័ពជើងទឹករបស់យើង ហើយវាមិនដំណើរការល្អ សម្រាប់ពួកគេទេ”។
លោក ត្រាំ បានបន្ថែមថា នាវាពិឃាតអាមេរិកមួយគ្រឿងបានស្ទាក់ចាប់កប៉ាល់ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ ហើយ “បានផ្តល់ការព្រមាន ដ៏ត្រឹមត្រូវដល់ពួកគេឱ្យឈប់”។ “ក្រុមនាវិកអ៊ីរ៉ង់ បានបដិសេធមិនស្តាប់ ដូច្នេះកប៉ាល់កងទ័ពជើងទឹក របស់យើងបានបញ្ឈប់ពួកគេភ្លាមៗដោយបំផ្ទុះបន្ទប់ម៉ាស៊ីន។ ឥឡូវនេះ កងម៉ារីនអាមេរិកមានសិទ្ធិកាន់កាប់កប៉ាល់នេះ”។
យោងតាមរបាយការណ៍ព័ត៌មានថ្មីៗ បំផុត អ៊ីរ៉ង់ បានវាយប្រហារនាវាយោធាអាមេរិក ដើម្បីសងសឹក ចំពោះការរឹបអូសនា វារបស់ខ្លួនរបស់សហរដ្ឋអាមេរិក។
មុននេះ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បានព្រមានថា ខ្លួននឹង ឆ្លើយតបក្នុងពេលឆាប់ៗនេះ ចំពោះចោរសមុទ្រប្រដាប់អាវុធ របស់សហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Press TV របស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
