វត្តមានសម្ដេចតេជោ នៅក្បែរព្រះកាយ សម្ដេចព្រះវររាជមាតា ធ្វើឱ្យជនរួមជាតិកក់ក្តៅ
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្បែរព្រះកាយសម្ដេច ព្រះវររាជមាតា បានធ្វើឱ្យជនរួមជាតិ ទទួលបានមនោសញ្ចេតនាគោរពដឹងគុណ និងអារម្មណ៍ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ។

ការលើកឡើងរបស់លោក ស សុខា នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារផ្ញើជូនជនរួមជាតិ អំពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក ស សុខា ក្រាបបង្គំទូលថ្វាយ ព្រះរាជសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជសុខភាពកាន់តែល្អបរិបូណ៌ឡើង ដើម្បីព្រះអង្គឆាប់យាងមាតុភូមិនិវត្តន៍ គង់ជាម្លប់ដ៏ត្រជាក់ សុខក្សេមក្សាន្តសម្រាប់ប្រជារាស្រ្តខ្មែរ ជាកូនចៅនៅមាតុប្រទេស ។
ជាមួយគ្នានេះ ប្រមុខមហាផ្ទៃ បានសម្ដែងការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ និងមានក្ដីស្ញប់ស្ញែងយ៉ាងក្រៃលែង ចំពោះសម្ដេចតេជោ ដែលបានអញ្ជើញទៅរដ្ឋធានីប៉េកាំង ដោយផ្ទាល់ ដើម្បីថ្វាយការសួរសុខទុក្ខ និងកម្លាំងព្រះទ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។
លោក សុខា បន្ថែមថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នៅរដ្ឋធានីប៉េកាំង ជាពិសេសនៅក្បែរព្រះកាយ សម្ដេចព្រះវររាជមាតា ក្នុងឱកាសនៃការយាងទទួលការព្យាបាលព្រះរោគដោយវះកាត់ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានធ្វើឱ្យជនរួមជាតិ រួមទាំងរូបឯកឧត្តមផ្ទាល់ ទទួលបានមនោសញ្ចេតនាគោរពដឹងគុណ និងអារម្មណ៍ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ។
រដ្ឋមន្រ្តីមហាផ្ទៃសង្កត់ធ្ងន់ថា កាយវិការរបស់សម្ដេចតេជោ កាន់តែបញ្ជាក់អំពីមនសិការដ៏ខ្ពង់ខ្ពស់ក្នុងការការពាររាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញយ៉ាងប្រត្យក្ស គ្រប់កាលៈទេសៈ៕
