ព័ត៌មានជាតិ

បញ្ជូនក្មេងទំនើង១១នាក់ ដែលបំផ្លាញរថយន្តម៉ាកអាវតា០៧ នៅវត្តភ្នំ ទៅតុលាការ

ភ្នំពេញ ៖ ក្មេងទំនើងដែលធ្វើសកម្មភាពវាយ និងគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាតកាលពីរាត្រីថ្ងៃទី១៦ មេសា ត្រូវជាថ្ងៃទី៣ នៃបុណ្យចូលឆ្នាំខ្មែរនៅបរិវេណវត្តភ្នំនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសរុប១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ក្រោយហេតុការណ៍នេះរួចមក តាំងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (វាយ និងគប់កំទេចរថយន្ត) ប្រព្រឹត្តបទល្មើសនៅចំណុចហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។

ឃាត់ខ្លួនក្មេងទំនើង១១នាក់រួមមាន៖១-ឈ្មោះ ម៉ាន់ ឡុងថាដា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស , ២-ឈ្មោះ សុខ ជា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករតម្លើងឧបករណ៍ហាត់ប្រាណ , ៣-ឈ្មោះ ឆុន រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្សឮ , ៤-ឈ្មោះ ឯក សុខមាន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបក្រុមហ៊ុនWOWNOW , ៥-ឈ្មោះ នី សាគី ហៅភ្លោះ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ , ៦-ឈ្មោះ នី វ៉វី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ , ៧-ឈ្មោះ មឿន ពិសី ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ , ៨-ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មប្រេងខ្យង , ៩- ឈ្មោះ សូរ្យវិសុទ្ធ ភេទប្រុស ជនជាតិខ្មែរ , ១០- ឈ្មោះ ភឹមវិសាល ភេទ ប្រុស ជនជាតិ ខ្មែរ និង១១-ឈ្មោះហូសាន់ សើហ្វ៊ីម៉ី ភេទ ប្រុស ជនជាតិខ្មែរ ។

វត្ថុតាងចាប់យក ដុំថ្មចំនួន៤ដុំ , ផ្លាកលេខរថយន្តចំនួន១បន្ទះ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យ កំពុងបញ្ចូនសុំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធី៕

To Top