ពលរដ្ឋជិះរថយន្ដក្រុង រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃជាង ១១ម៉ឺននាក់ សម្រាលបន្ទុកចំណាយ ប្រមាណ ៣លានដុល្លារ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ ដោយផ្ទាល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានប្រជាពលរដ្ឋ ១១៩ ៤៩០នាក់ ជិះរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ហើយជួយសម្រាលបន្ទុក ចំណាយសរុបប្រមាណ ៣លានដុល្លារ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសេវារថយន្តក្រុង ដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ, ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី១២-១៧ ខែមេសា ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វើបុណ្យទានផងដែរ។

សម្ដេច បានឱ្យដឹងថា ជាលទ្ធផល មានប្រជាពលរដ្ឋចំនួន១១៩.៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវា ដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកើនឡើនចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។

ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥ដុល្លារ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយ សរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូល ទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាល បន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើន ចំណូលរបស់ប្រជាពលរដ្ឋ មូលដ្ឋានទាំងមូល ៕

