ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា សកម្មភាពរបស់សហរដ្ឋអាមេរិក​ គំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា «សកម្មភាពញុះញង់» របស់សហរដ្ឋអាមេរិក និងការរំលោភ លើបទឈប់បាញ់ គឺជាឧបសគ្គចម្បង​ ចំពោះការបន្តកិច្ចចរចាសន្តិភាព រវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទដាច់ ដោយឡែកជាមួយសមភាគីប៉ាគីស្ថាន និងរុស្ស៊ី លោក Araghchi បានថ្កោលទោសសកម្មភាព របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មរបស់អ៊ីរ៉ង់ រួមទាំងការរឹបអូស នាវាកុងតឺន័រ Touska និងក្រុមនាវិករបស់ខ្លួន​ ហើយបានលើកឡើងពីជំហរផ្ទុយគ្នា និងវោហាសាស្ត្រនៃការគំរាមកំហែង​ ពីទីក្រុងវ៉ាស៊ីនតោន។

បទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី៨​ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ថ្ងៃនៅតែផុយស្រួយ។ ប៉ាគីស្ថាន​ បានសម្របសម្រួលកិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដោយធ្វើជាម្ចាស់ផ្ទះនៃជុំទីមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ​ នៅថ្ងៃទី១១​ និង ១២​ ខែមេសា ប៉ុន្តែអ៊ីរ៉ង់​ មិនទាន់បានបញ្ជាក់ពីការចូលរួមនៅក្នុងជុំមួយផ្សេងទៀតនៅឡើយទេ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ របស់អ៊ីរ៉ង់​ បានរាយការណ៍ថា ការចូលរួមរបស់ទីក្រុងតេអេរ៉ង់ អាស្រ័យលើលក្ខខណ្ឌជាមុន នៃកិច្ចប្រជុំជាមួយទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារនេះបានលើកឡើង ពីការបិទផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក និងការទាមទារហួសហេតុ​ ជាឧបសគ្គសំខាន់ៗ។

លោក Araghchi បានបន្ដថា អ៊ីរ៉ង់នឹងសម្រេចចិត្តថាតើត្រូវបន្តការទូតដោយផ្អែកលើគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហានេះ និងឥរិយាបថរបស់សហរដ្ឋអាមេរិកឬអត់ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់​ នឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top