អធិការបតីអាល្លឺម៉ង់ ៖ គ្មានមូលដ្ឋានសមហេតុផល សម្រាប់ការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសគុយបា នោះទេ
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឧ្យដឹងថា គ្មានមូលដ្ឋានសមហេតុផល សម្រាប់ការជ្រៀតជ្រែកយោធា របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសគុយបាទេ ដោយសង្កត់ធ្ងន់ថាប្រទេសនេះ មិនបង្កការគំរាមកំហែង ដល់ប្រទេសដទៃទៀតទេ។
លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុង ពេលសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ដែលកំពុងទស្សនកិច្ច នៅទីក្រុង Hanover ភាគខាងជើងប្រទេសអាល្លឺម៉ង់។
សេចក្តីថ្លែងការណ៍របស់លោក Merz បានកើតឡើងចំពេលមានការគំរាមកំហែងថ្មីៗដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានស្នើឱ្យមាន “ការដណ្តើមយក” ប្រទេសកោះការីប៊ីន។
លោកបានកត់សម្គាល់ថា គុយបា មិនបង្កការគំរាមកំហែង “គួរឱ្យកត់សម្គាល់” ដល់រដ្ឋដទៃទៀតទេ ដោយបន្ថែមថា ខណៈពេលដែលលោកតស៊ូមតិ សម្រាប់សមត្ថភាពការពារជាតិដ៏រឹងមាំ “សមត្ថភាពការពារជាតិមិនមានន័យថា មានសិទ្ធិជ្រៀតជ្រែកយោធា នៅក្នុងរដ្ឋដទៃទៀតទេ នៅពេលដែលប្រព័ន្ធនយោបាយ នៅទីនោះមិនត្រូវគ្នា នឹងអ្វីដែលអ្នកដទៃស្រមៃចង់បាន”។
ចំណែកលោក Lula បានលេីកឡេីងថា លោកប្រឆាំងនឹងការមិនអើពើនឹងបូរណភាពទឹកដីរបស់ប្រទេសដទៃ និងប្រឆាំងនឹងប្រទេសណាមួយ ក្នុងពិភពលោកដែលជ្រៀតជ្រែក ក្នុងកិច្ចការនយោបាយរបស់ប្រទេសដទៃ៕
ប្រែសម្រួល ឈូក បូរ៉ា
