ប៉ាគីស្ថានជឿជាក់ថា ខ្លួនអាចបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់ ចូលតុចរចាជុំទី២ ជាមួយសហរដ្ឋអាមេរិកបាន
បរទេស៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប៉ាគីស្ថានម្នាក់ បានប្រាប់សារព័ត៌មាន រ៉យទ័រថា ប៉ាគីស្ថានមានទំនុកចិត្តថា ខ្លួនអាចធ្វើឱ្យអ៊ីរ៉ង់ចូលរួមកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកបាន។
យោងតាមសារព័ត៌មាន The Times Of Israel ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ថា ប្រភពព័ត៌មាននេះបាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានទទួលសញ្ញាវិជ្ជមានពីអ៊ីរ៉ង់។ អ្វីៗមានភាពមិនច្បាស់លាស់ ប៉ុន្តែយើង កំពុងព្យាយាមធានាថា ពួកគេនឹងនៅទីនេះ នៅពេលដែលយើង ចាប់ផ្តើមកិច្ចចរចានៅថ្ងៃស្អែក ឬមួយថ្ងៃបន្ទាប់”។
ប្រភពព័ត៌មានបន្ថែមថា ប៉ាគីស្ថានកំពុងចូលរួមយ៉ាងសកម្មជាមួយទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ខណៈដែលថ្ងៃផុតកំណត់ឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជិតមកដល់។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃចន្ទថា សកម្មភាពបង្កហេតុ របស់សហរដ្ឋអាមេរិក និងការរំលោភបទឈប់បាញ់ គឺជាឧបសគ្គចម្បងក្នុងការ បន្តការចរចាសន្តិភាព រវាងប្រទេសទាំងពីរ។
លោក Araghchi បានថ្កោលទោសសកម្មភាព របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកជញ្ជូន ពាណិជ្ជកម្មរបស់អ៊ីរ៉ង់ រួមទាំងការរឹបអូសកប៉ាល់កុងតឺន័រ Touska និងនាវិក ហើយបានលើកឡើង ពីវោហាសាស្ត្រនៃការគំរាមកំហែង ពីទីក្រុងវ៉ាស៊ីនតោនផងដែរ។
ប្រែសម្រួលៈ ណៃ តុលា
