រដ្ឋមន្រ្តីសុខាភិបាល ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរលើគោលការណ៍សមធម៌ និងមិនទុកនរណាម្នាក់ចោល ដោយមិនទទួលបានការថែទាំ ព្យាបាលឡើយ។

ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និង នវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានបន្តបម្រើសេវាថែទាំព្យាបាល យ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងត្រៀមបម្រើសេវាសង្គ្រោះ នៅតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងប្រទេសនាពេលកន្លងមក។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញ មន្ទីរពេទ្យគ្រប់កម្រិតបន្តធ្វើឱ្យ ប្រសើរឡើងនូវគុណភាពសេវាថែទាំ និងព្យាបាលព្រមទាំង បម្រើសេវា ប្រកបដោយក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។

បន្ថែមពីលើនេះ សាស្ត្រាចារ្យ បានលើកយកសំណួរទាក់ទង នឹងភាពជាអ្នកដឹកនាំមកឆ្លុះបញ្ចាំងឱ្យឃើញថា ការដឹកនាំមិនមែនជាអាជីព ដែលគេអាចរៀនចេញពីសាលាបានទេ ប៉ុន្តែភាពជាអ្នកដឹកនាំ គេអាចរៀនបាននៅគ្រប់ស្ថានភាព ព្រោះការរៀនសួរសំណួរល្អនាំឱ្យកើតចេញជាប្រយោជន៍ ឬជាការអភិវឌ្ឍ។

លោកបន្ថែមថា ដូចគ្នានេះដែរ ភាពជាអ្នកដឹកនាំ ក៏កើតចេញពីការគិតគូរ ដែលអាចឱ្យគេយល់ឃើញ ពីផលវិបាករបស់ការសម្រេចចិត្តអ្វីមួយបានច្បាស់លាស់ និងអាចឱ្យក្រុមការងារទទួលយកនូវការសម្រេចចិត្តនោះ និងចូលរួមអនុវត្ត ។ ក្នុងន័យនេះ សាស្រ្តាចារ្យ ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ ធ្វើការដឹកនាំដោយប្រើប្រាស់ ភាពជាអ្នកដឹកនាំជាជាងប្រើប្រាស់ឋានៈឬតួនាទី ៕







