ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ដើរតួនាទីសំខាន់​ ក្នុងការផ្សព្វផ្សាយទេសចរណ៍

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានលើកឡើងថា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងរួមចំណែកជាមួយវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកចូលលេងកម្សាន្តកាន់តែច្រើនថែមទៀត។

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងវិញ្ញាសាសរសេរដើម្បីជ្រើសរើសបេក្ខជន-បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និង ថ្នាក់តំបន់ នៅសាកលវិទ្យាល័យធនធានមនុស្ស នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោក ហួត ហាក់មានប្រសាសន៍ថា អ្នកមគ្គុទ្ទេសក៍ ទេសចរណ៍ជាតិ និងអ្នកមគ្គុទ្ទេសក៍ទេសចរណ៍អន្តរជាតិ ដែលដំណើរការក្នុងប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងផ្សព្វផ្សាយ វិស័យទេសចរណ៍ និងរួមចំណែកក្នុងវិស័យទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកធ្វើដំណើរមក ប្រទេសកម្ពុជាកាន់តែច្រើនឡើង ដើម្បីទស្សនាតាមរមណីយដ្ឋាននានា ។

លោករដ្ឋមន្រ្តីបន្តថា នៅពេលទេសចរបរទេសបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានដែលសក្តានុពលទេសចរណ៍ ពួកគាត់នឹងមានក្តីសប្បាយរីករាយ និងមានទំនុកចិត្ត ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ថែមថា នៅពេលភ្ញៀវទេសចរអន្តរជាតិ ត្រឡប់ទៅវិញស្រុកកំណើតរបស់ពួកគាត់វិញ នឹងជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភ័ក្ត ដើម្បី ឱ្យពួកគាត់ធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា។

លោកសង្កត់ធ្ងន់ថា កាលណាធ្វើសកម្មភាពបានល្អប្រសើរ ចំពោះភ្ញៀវទេសចរអន្តរជាតិ ពួកគាត់នឹងជួយផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ។

សូមបញ្ជាក់ថា បេក្ខជន-បេក្ខនារីប្រឡងវិញ្ញាសាចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី៧ មានចំនួន៧៥រូប។ ក្នុងនោះ មានអង់គ្លេស៤០រូប , បារាំង ១៣រូប , អាល្លឺម៉ង់ ៤រូប , ជប៉ុន ៤រូប , អេស្ប៉ាញ ៣រូប , ថៃ ៣រូប , ចិន៣រូប , រុស្ស៊ី២រូប , វៀតណាម ១រូប , អ៊ីតាលី១រូប និងកូរ៉េ១រូប ។ ចំណែកថ្នាក់តំបន់ (រាជធានីភ្នំពេញ និងតំបន់ជុំវិញ) ជំនាន់ទី២១ ថ្នាក់ជាតិមាន២៣រូប ។ ក្នុងនោះ បារាំង១៣រូប , អាល្លឺម៉ង់២រូប , ជប៉ុន៣រូប និងវៀតណាម៥រូប ៕

To Top