ក្រសួងសាធារណការ ៖ ការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមខែមីនា ចំនួន ១៦ ២១០គ្រឿង
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា មានតួលេខកើនខ្ពស់ជាលំដាប់ ខណៈការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមខែមីនា ចំនួន ១៦ ២១០គ្រឿង។
អ្នកនាំពាក្យ គូសបញ្ជាក់ថា «ស្ថិតិចុះបញ្ជីយានយន្តអគ្គិសនីចុះបញ្ជីសរុប គិតត្រឹមខែមីនា ឆ្នាំ២០២៦ មានចំនួន ១៦ ២១០ គ្រឿង៖ ទោចក្រយានយន្ត = ៣ ៨៣២គ្រឿង, ត្រីចក្រយានយន្ត = ៧២២គ្រឿង, រថយន្ត = ១១ ៦៥៦ គ្រឿង»។
អ្នកនាំពាក្យ បន្ដថា ដោយឡែក នៅខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានយានយន្តអគ្គិសនីចំនួន ១ ៦៧៦គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន (ក្នុងនោះរថយន្ត ១ ២៩៣ គ្រឿង) តួលេខនេះ បានកើនឡើងជាលំដាប់។
តាមទិន្នន័យចុះបញ្ជី នៅខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីចំនួន ៤៨៨គ្រឿង(រថយន្ត ៤០៩គ្រឿង), ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជី ១ ០៧៨ គ្រឿង(រថយន្ត ៨៨៩គ្រឿង)៕
