ក្រសួងការងារ បន្តកិច្ចសហការជាមួយគ្រឹះស្ថានអប់រំជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីបទបញ្ញត្តិច្បាប់ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL & ELBML) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាល និងការអនុវត្តកម្មសិក្សាការងារសម្រាប់និស្សិត ក្រោមអធិបតីភាពលោកស្រីសុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការ ដែលមានអត្ថប្រយោជន៍រួមរវាងភាគីទាំងពីរ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងការរៀបចំវគ្គបណ្តុះបណ្តាលនានា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការយល់ដឹង ពីការអនុវត្តលក្ខខណ្ឌការងារ កិច្ចសន្យាការងារ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីចូលរួមលើកកម្ពស់ ការត្រៀមខ្លួនរបស់សិស្ស និសិ្សតមុនចូលទីផ្សារការងារ។

ក្រោមកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានជាតិ ការងារនឹងផ្តល់ឱកាសឱ្យសិស្ស និស្សិតចុះកម្មសិក្សាការងារ ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែង លើការអនុវត្តបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនគុណភាពអប់រំ និងលើកកម្ពស់ការផ្សា ភ្ជាប់រវាងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងបង្កើនឱកាសការងារ សម្រាប់យុវជនកម្ពុជា៕






