ព័ត៌មានជាតិ

មន្ទីរការងារខេត្តបាត់ដំបង នៃក្រសួងការងារ បានចុះផ្សព្វផ្សាយ ស្តីពីឱកាសការងារ និងសុវត្ថិភាព នៃការធ្វើចំណាកស្រុក ជូនដល់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន

ភ្នំពេញ ៖ ដើម្បីផ្សព្វផ្សាយពីឱកាសការងារដ៏សម្បូរបែបនៅក្នុងស្រុក និងបញ្ចៀសការធ្វើចំណាកស្រុកដោយខុសច្បាប់ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ជារៀងរាល់សប្តាហ៍ មន្ត្រី នៃមន្ទីរការងារខេត្តបាត់ដំបងតែង តែចុះផ្សព្វផ្សាយព័ត៌មានស្តីពីឱកាសការងារ ចែកខិត្តប័ណ្ណ និងផ្តល់ នូវលេខទំនាក់ទំនងជូនដល់ប្រជាពលរដ្ឋ អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ និងណែនាំពីការធ្វើចំណាក ស្រុកដោយស្របច្បាប់ ដល់អ្នកដែលមាន បំណងដែលចង់ធ្វើការចំណាកស្រុក នៅតាមស្រុកជាច្រើន ជាប់បន្ទាត់ព្រំដែន ដូចជាស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង។

លោក អះអាងថា ៖ «មន្ទីរការងារខេត្តបាត់ដំបង បានរៀបផែនការផ្សព្វផ្សាយ ជារៀងរាល់សប្តាហ៍ ដើម្បីចុះផ្សព្វផ្សាយពីឱកាសការងារ និង សុវត្ថិភាពនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជូនដល់ពលរដ្ឋខ្មែរ ដែលរស់នៅជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង ដោយក្នុងនោះយើងក៏បានផ្តល់លេខទំនាក់ ទំនងរបស់មន្ទីរ និងលេខ ១២៩៧ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែម ដល់ពួកគាត់ក្នុងការរកការងារធ្វើ»។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយជាបន្តបន្ទាប់របស់មន្ទីរការងារតាមខេត្តនៅតាមបន្ទាត់ព្រំដែន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការធានានូវការទទួលបានការងារធ្វើរបស់ពលរដ្ឋខ្មែរ និងការបញ្ចៀសនូវការធ្វើចំណាកស្រុកខុសច្បាប់។

អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា៖ «ការផ្សព្វផ្សាយរបស់មន្ទីរការងារ តាមខេត្តគឺយុទ្ធសាស្ត្រភ្លៀងរលឹម ដែលដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី ជាសេនាធិការជូនរាជរដ្ឋាភិបាល ដើម្បីធានាថាពលរដ្ឋខ្មែរ ទទួលបានការងារធ្វើគ្រប់ៗគ្នា»។

បន្ថែមពីនេះ លោក ស៊ុន មេសា សូមអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន សូមសិក្សាស្វែងយល់ឱ្យបានច្បាស់ពីការធ្វើចំណាកស្រុក មុននឹងជឿការអូសទាញពីអ្នកដទៃ ជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ និងស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានភាពសម្បូរបែបជាង មានអត្ថប្រយោជន៍ និងសុវត្ថិភាពជាង៕

To Top