កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដា នៃការធ្វើអធិការកិច្ចអន្ដរក្រសួង ក្នុងវិស័យកម្មន្ដសាល» ដើម្បីលើកកម្ពស់បរិយាកាស ធុរកិច្ចនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «គោលការណ៍ប្រតិបត្តិស្ដង់ដា នៃការធ្វើអធិការកិច្ចអន្ដរក្រសួង ក្នុងវិស័យកម្មន្ដសាល» នៅតាមសហគ្រាស រោងចក្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំ ក្រុមអធិការកិច្ចអន្តរក្រសួង។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក សោម ចំណាន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះ គឺជាការត្រៀមលក្ខណៈ សម្រាប់ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីត្រីមាសទី២ ឆ្នាំ២០២៦ តទៅ ។ កិច្ចប្រតិបត្តិការនេះ នឹងផ្តោតគោលដៅលើរោងចក្រ សហគ្រាសក្នុងវិស័យ កម្មន្ដសាលបម្រើឱ្យការនាំចេញ ជាពិសេស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តអាទិភាពចំនួន ៥ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា យន្តការអធិការ កិច្ចអន្តរក្រសួងនេះ គឺជាផ្នែកមួយនៃកំណែទម្រង់ រដ្ឋបាលមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា កាត់បន្ថយការរំខានដល់ម្ចាស់អាជីវកម្ម និងបង្កើនប្រសិទ្ធភាពការងារ។

សូមបញ្ជាក់ថា ស្ថាប័នដែលជាសមាជិកនៃក្រុមអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាលនេះ រួមមាន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាក្រសួងដឹកនាំ និងសម្របសម្រួលយន្ដការនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕




