ព័ត៌មានជាតិ

សហជីពធំៗ នៅកម្ពុជា​ចោទសួរថា​ ហេតុអ្វីក្រុមប្រឆាំង មួយ​ក្ដាប់តូច​ នៅក្រៅប្រទេស មិនដែល​ជួយផ្សព្វ​ផ្សាយ​ឱកាស​ការងារ ជូនអតីតពលករខ្មែរ?

ភ្នំពេញ ៖ ជារឿយៗក្រុមបក្ខពួក​ប្រឆាំង មួយក្ដាប់​តូច​នៅ​​ក្រៅប្រទេស តែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ គិត​ផលប្រយោជន៍ប្រជាជនជាចម្បង ប៉ុន្ដែជាក់ស្ដែង​ពួកគេ​សូម្បី​តែជួយផ្សព្វផ្សាយ​ពីឱកាសការងារជូន​អតីតពលករ​ខ្មែរ​ដែលប្រឡប់ពីប្រទេសថៃ ក៏មិនដែល​ជួយផ្សព្វ​ផ្សាយ​ដែ ។ ការណ៍នេះធ្វើឱ្យ​ថ្នាក់ដឹកនាំសហជីពធំៗ​នៅកម្ពុជា​បាន​ចោទជាសំនួរមួយថា «ហេតុអ្វីក្រុម​ប្រឆាំងមួយ​ក្ដាប់​តូច​ នៅក្រៅប្រទេស មិនដែលជួយ​ផ្សព្វផ្សាយ​ឱកាស​ការងារជូនអតីតពលករខ្មែរ?»។

បើតាមក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ប្រជា​ពល​រដ្ឋខ្មែរដែលវិល​ត្រឡប់មកពីប្រទេស​ថៃសរុប​ប្រមា​ណ​​ជាង ៩៧ម៉ឺននាក់ ក្នុងនោះមា​នអតីត​ពល​ករខ្មែរ​ប្រមា​ណជាង ៦៧ម៉ឺននាក់​ទទួលបាន​ឱកាសការ​ងារនៅ​តាមក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុក ដើម្បី​ទទួល​បាន ប្រាក់ចំណូលឡើងវិញ ដែលទាម​ទារឱ្យ​មាន​ការចូលរួមផ្សព្វផ្សាយ ឱកាសការងារឱ្យបានផុសផុលពីគ្រប់និន្នាការ នយោបាយទាំងអស់។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC)បានថ្លែងថា ក្រុមសកម្ម​ជនប្រឆាំង​មួយ​ក្ដាប់តូចនៅក្រៅប្រទេស តែងតែតាំងខ្លួន​ ជាអ្នកស្នេ​ហា​ជាតិ និងគិតគូរផលប្រយោជន៍ប្រជាពលរដ្ឋជាចម្បង ប៉ុន្ដែជាក់ស្ដែងនៅលើបណ្ដាញសង្គមរបស់ពួកគេមិនដែលឃើញជួយចុច Like, Comment ឬShare ព័ត៌មាន​ពីឱកាសការងារក្នុងការពង្រីកការផ្សព្វផ្សាយ ជូនដល់អតីតពលករខ្មែរនោះទេ។

លោកបន្តថា នៅលើ​បណ្ដាញ​សង្គម ពួកគេតាំងខ្លួន ជា​អ្នកស្នេហាជាតិ និងជាអ្នកគិតគូរពីផលប្រយោជន៍ពលរដ្ឋ ហើយបែរជាបង្កើតមាតិការិះគន់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការជួយអន្តរាគមន៍ពលករ និងអតីតព​លករខ្មែ​​រ​ដែលប្រឡប់មកពីប្រទេសថៃ ដោយរាជរដ្ឋាភិបាល​ធ្វើបែប​នេះ​ខុស ហើយធ្វើបែបនោះក៏មិនត្រូវ។

បើតាមលោក ចាន់សំណាង សង្កត់ធ្ងន់ថា៖«ក្រុម​ប្រឆាំង​មួ​យក្ដាប់តូច នៅក្រៅប្រទេសនោះ គឺជាអ្នកស្នេហាជាតិ និង​ជាអ្នកគិតគូរពីផលប្រយោជន៍ពលរដ្ឋក្លែងក្លាយ និងជា​អ្នក​ស្នេហាជាតិបែបសម្ដែងនិយម ដើម្បី​កេងចំណេ​ញ​យក​មកធ្វើជាផល​ប្រយោជន៍កំដរ​ឆាកនយោ​បាយ​បោក​ប្រាស់របស់បក្ខពួកខ្លួនប៉ុណ្ណោះ។ ពួកគាត់មិនដែលគិត​គូរ​ពីផលប្រយោជន៍ជាតិឱ្យបានពិតប្រាកដនោះទេ»។

សម្រាប់លោក ហង្ស រ៉ាវី ប្រធានសហភាព សហ​ជីពរក្សា​សិទ្ធិ​កម្មករកម្ពុជា(CWPUC)បានថ្លែងថា ប្រសិន​បើក្រុម​ប្រឆាំង​នៅក្រៅប្រទេសមួយក្ដាប់តូចនោះ ពិតជា​អ្នក​ស្នេហា​ជាតិ និងគិតគូរពីផលប្រយោជន៍ពលរដ្ឋមែន គួរតែចូលរួមចែករំលែក និងផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការ​ងារ, ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ អត្ថប្រយោជន៍​របប​សន្ដិសុខសង្គម និងសមិទ្ធផល​នានាដែល​ជាការជួយ​ដល់​អតីតពលករខ្មែរ ដែលប្រឡប់មកពីប្រទេសថៃ។

លោកថា យន្តការអន្តរាគមន៍​ជួយដល់​អតីត​ពលករខ្មែរ ដែល​បាន​ដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ត្រូវបានផ្សព្វផ្សាយ និងអនុវត្តយ៉ាងទូលំទូលាយ ប៉ុន្ដែដោយឡែក​សម្រាប់​ក្រុម​ប្រឆាំងមួយក្ដាប់តូចវិញអង្គុយរង់ចាំរិះគន់ និង​បន្ទោ​ស​បង្អាប់រាជរដ្ឋាភិបាល ទាំងដែលខ្លួន​ស្នេហា​ជាតិ​តែនៅ​លើ​បណ្ដាញសង្គមប៉ុណ្ណោះ។

ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា ៖ «ការចូលរួមជួយប្រទេសជាតិ ជួយពលរដ្ឋ គឺជាកាព្វកិច្ចរបស់​អ្នកនយោ​បាយ​គ្រប់និន្នាការទាំងអស់។ ខ្ញុំសុំលើកជាឧទាហរណ៍ថា ក្រសួងការងារ បានប្រមូលឱកាស​ការងារ​សម្រាប់​ផ្ដល់​ជូន​​បង​ប្អូនអតីតពលករយើង ហើយ​ពួកគេដែ​លតាំង​ខ្លួនជាអ្ន​កស្នេហាជាតិនោះ គួរតែជួយ Like, Comment ឬShare ព័ត៌​មានពីឱកាសការងារផ្សព្វផ្សាយថែមទៀត និងជួយផ្គូរផ្គងការងារជូនអតីតពលករ។ ទង្វើនេះ ទើប​ហៅថា អ្នក​គិតគូរពីផលប្រយោជន៍ជាតិពិតប្រាកដ»។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បន្ត​ផ្ស​ព្វផ្សាយ និងអំពាវនាវដ​ល់បងប្អូនពលករ​ខ្មែរត្រ​ឡប់មក​ពីថៃ និងបងប្អូន​ប្រជាពលរដ្ឋ​ដែលមិន​ទាន់​មាន​ការ​ងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួល​បាន​ឱកាស​ការងារធ្វើនៅតាមក្រុមហ៊ុន រោងចក្រ សហ​គ្រា​ស​ខ្នាតតូច និងមធ្យម សិប្បកម្ម កសិដ្ឋាន ភោជ​នីយ​ដ្ឋាន និងនៅតាមការដ្ឋានសំណង់ជាដើម៕

To Top