ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប​ អនុម័តប្រាក់កម្ចី​ ៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មជុំទី២០​ ប្រឆាំងនឹងរុស្ស៊ី

ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឧ្យដឹងថា សហភាពអឺរ៉ុប បានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ (១០៥ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន រួមជាមួយនឹងការដាក់ទណ្ឌកម្មជុំទី២០​ ប្រឆាំងនឹងរុស្ស៊ី។

លោកបានសរសេរ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប​ គឺដើម្បីសម្រេចបាន សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ពឹងផ្អែកលើសសរស្តម្ភពីរគឺ៖ ពង្រឹងអ៊ុយក្រែន​ និងបង្កើនសម្ពាធលើរុស្ស៊ី”។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រាក់កម្ចីនេះនឹងគ្របដណ្តប់លើ តម្រូវការសមត្ថភាពឧស្សាហកម្មការពារជាតិ និងថវិកាបន្ទាន់បំផុតរបស់អ៊ុយក្រែននៅឆ្នាំ២០២៦ និង ២០២៧ ក្រោមក្របខ័ណ្ឌរឹងមាំ និងមានលក្ខខណ្ឌ។ ការផ្តល់មូលនិធិនឹងត្រូវបានភ្ជាប់ទៅនឹងលក្ខខណ្ឌតឹងរ៉ឹងនៅខាងអ៊ុយក្រែន ដូចជាការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ រួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាដេីម។ 

កាលពីខែកុម្ភៈ សភាអឺរ៉ុប​ បានបោះឆ្នោតគាំទ្រ ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ របស់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៦​ និង ២០២៧។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយ ចំនួនបានរារាំងកញ្ចប់នេះ ដោយលើកឡើងពីការផ្អាក ការដឹកជញ្ជូនប្រេងរបស់ អ៊ុយក្រែនតាមរយៈបំពង់បង្ហូរប្រេង Druzhba។
យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ បំពង់បង្ហូរប្រេង Druzhba បានបន្តការដឹកជញ្ជូនប្រេងទៅកាន់ស្លូវ៉ាគី និងហុងគ្រី។

កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុប ក៏បានអនុម័តទណ្ឌកម្មជុំទី២០​ ប្រឆាំងនឹងរុស្ស៊ី ដែលផ្តោតលើការកាត់ បន្ថយប្រាក់ចំណូលថាមពលរបស់ខ្លួន រួមទាំងការដាក់មូលដ្ឋានគ្រឹះ សម្រាប់ការហាមឃាត់សេវាកម្ម ផ្លូវសមុទ្រនាពេលអនាគត សម្រាប់ប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ការពង្រីកការរឹតបន្តឹងលើ “កងនាវាស្រមោល” និងការរឹតបន្តឹងការគ្រប់គ្រង លើនាវាដឹកប្រេង និងការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG)៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top