ច្រកសមុទ្រហ័រមូស ត្រូវតែបើកជាអចិន្ត្រៃយ៍ និងអាចទុកចិត្តបាន
ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស ត្រូវតែបើកជាអចិន្ត្រៃយ៍ និងអាចទុកចិត្តបាន ដោយគ្មានការរឹតត្បិត ឬការបង់ពន្ធណាមួយឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបានស្វាគមន៍ ចំពោះការពង្រីកបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយថា វាបង្ហាញពីឱកាសដ៏សំខាន់មួយ ដើម្បីបន្តការចរចាការទូត នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយមានគោលបំណង សម្រេចបានសន្តិភាព និងទប់ស្កាត់ការកើនឡើង នៃសង្គ្រាមបន្ថែមទៀត។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា នៅពេលដែលអរិភាព ឈានដល់ទីបញ្ចប់យូរអង្វែង ប្រទេសអាល្លឺម៉ង់ រួមជាមួយដៃគូរបស់ខ្លួន ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមចំណែកដល់ការ ធ្វើនាវាចរណ៍ដោយសេរីនៃច្រកសមុទ្រហ័រមូស ស្របតាមច្បាប់អន្តរជាតិ និងស្របតាមនីតិវិធីជាតិ។
ប្រភពបានបន្ថែមថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹង បន្តធ្វើការតាមរយៈបណ្តាញការទូត ដើម្បីនាំសង្គ្រាមនៅភាគខាងត្បូង ប្រទេសលីបង់ ឱ្យឈានដល់ទីបញ្ចប់យូរអង្វែង៕
ប្រែសម្រួល ឈូក បូរ៉ា
