ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួបពិភាក្សា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារ ជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា និងសហការី ស្តីពីការអនុវត្តផែនការ​ ភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-អូស្រ្តាលី (Cambodia-Australia Development Partnership Plan) និងកិច្ចសហប្រតិបត្តិការបន្តគាំទ្រ វិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ជាមួយគ្នានោះ លោក អគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីគាំទ្រ របស់រដ្ឋាភិបាលអូស្រ្តាលី ដល់កិច្ចការបោសសម្អាតមីន និងការគិតគូរជួយដល់ ជនរងគ្រោះថ្នាក់និងការស្តារ កាយសម្បទា នៅប្រទេសកម្ពុជា។

ជាងនេះទៅទៀត លោក Derek Yip បានបញ្ជាក់ពីការផ្តល់ជំនួយ ជាថវិកាចំនួន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រដល់កិច្ចការបោសសម្អាត យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការធ្វើឱ្យប្រសើរឡើងនូវសហគមន៍តាមបណ្តោយព្រំដែន រងផលប៉ះពាល់ ដោយសារសង្រ្គាមកម្ពុជា-ថៃ នាពេលកន្លងមក។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់ដំណើរ ការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ យូរអង្វែង និងរឹងមាំ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជា រយៈពេលជាង៣០ឆ្នាំ មកនេះ ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបានជួយគាំទ្រដល់ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ រួមទាំងថ្មីៗនេះ បានជួយគាំទ្រដល់កិច្ចការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកដោយសារសង្រ្គាមកម្ពុជា-ថៃនាពេលកន្លងមក ព្រមទាំងគាំទ្រដល់សហគមន៍រងគ្រោះនៅតាមព្រំដែន ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសអូស្រ្តាលី បន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ដើម្បីឱ្យប្រទេសកម្ពុជា រួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ហើយមិនមានជនរងគ្រោះ ដោយសារមីនណាម្នាក់ នឹងត្រូវបានទុកចោលឡើយ ៕

To Top