ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ សង្កត់ធ្ងន់លើការសន្ទនា ប៉ុន្ដែរិះគន់ ស្តង់ដារពីរ របស់ទីក្រុងវ៉ាស៊ីនតោន​ ក្នុងការចរចា

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់តែងតែស្វាគមន៍ការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងកិច្ចព្រមព្រៀង ហើយនឹងបន្តធ្វើដូច្នេះ​ ប៉ុន្ដែរិះគន់ ស្តង់ដារពីរ របស់ទីក្រុងវ៉ាស៊ីនតោន​ ក្នុងការចរចា។

នៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកបានឧ្យដឹងថា ការរំលោភលើការប្តេជ្ញាចិត្ត ការបិទផ្លូវ និងការគំរាមកំហែង គឺជាឧបសគ្គចម្បង ចំពោះការចរចាពិតប្រាកដ ដោយបន្ថែមថា «ពិភពលោកមើលឃើញវោហាសាស្ត្រលាក់ពុតគ្មានទីបញ្ចប់របស់អ្នក និងភាពផ្ទុយគ្នា រវាងការទាមទារ និងសកម្មភាព» ដោយសំដៅទៅលើសហរដ្ឋអាមេរិក។

នៅថ្ងៃពុធផងដែរ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានឧ្យដឹងថា បទឈប់បាញ់ដ៏ទូលំទូលាយនឹងមានអត្ថន័យ លុះត្រាតែវាមិនត្រូវបានអមដោយការបិទផ្លូវសមុទ្រ ឬអ្វីដែលលោកបានពិពណ៌នាថាជា «ការកាន់កាប់សេដ្ឋកិច្ចពិភពលោកជាចំណាប់ខ្មាំង» និងប្រសិនបើអ៊ីស្រាអែល​ បញ្ឈប់សកម្មភាពយោធារបស់ខ្លួននៅគ្រប់ទិសទី។

លោកបានបន្ថែមថា ការបើកច្រកសមុទ្រហ័រមូ ឡើងវិញនឹងមិនអាចទៅរួចទេ ប្រសិនបើមានការរំលោភបំពានធ្ងន់ធ្ងរលើបទឈប់បាញ់។

មុននេះបន្តិច សារព័ត៌មាន Axios ដែលដកស្រង់សម្ដីមន្ត្រីអាមេរិក បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងផ្តល់ពេលឱ្យទីក្រុងតេអេរ៉ង់ពី​ ៣​ ទៅ​ ៥ថ្ងៃ ដើម្បីរួបរួមគ្នានៅពីក្រោយ «ការផ្តល់ជូនតបតដ៏ស៊ីសង្វាក់គ្នា» ឬបទឈប់បាញ់​ ដែលបានពង្រីកនៅថ្ងៃអង្គារ នឹងបញ្ចប់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top