ប្រតិបត្តិការបង្រ្កាបអគារ ប្រព្រឹត្តបទល្មើស ឆបោក អនឡាញ ២ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញជនសង្ស័យចំនួន ៤០២នាក់
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការ ចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្ត បទល្មើសឆបោកអនឡាញ ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមរបាយការណ៍ បានឲ្យដឹងថា ក្នុងប្រតិបត្តិការក្រុមការងារចម្រុះត្រួតពិនិត្យ ទីតាំងចំនួន២ ស្មើ៣អគារ រកឃើញជនសង្ស័យសរុបចំនួន ៤០២នាក់ ស្រី ៣៦នាក់ មាន១០សញ្ជាតិ រួមមាន ៖ ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្សកហ្សី។
បច្ចុប្បន្ន បញ្ជូនជនបរទេសទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ចំនួន៣៨៥នាក់ ស្រី៣៤នាក់ មាន១០សញ្ជាតិ។

ដោយឡែកជនសង្ស័យ ចំនួន១៧នាក់ ស្រី ២នាក់, សម្ភារៈ និងវត្ថុតាង ខាងលើ ក្រុមប្រតិបត្តិការចម្រុះ សម្រេចដកហូត និងបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ននៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីបន្តនីតិវិធី។
ចំពោះទីតាំងខាងលើ ក្រុមប្រតិបត្តិការចម្រុះ បានសម្រចបិទសៀល ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕

