ព័ត៌មានជាតិ

ខេត្ត ៤នៅជាប់សមុទ្រ មានឱកាសការងារជាង ៥ពាន់កន្លែង កំពុងរង់ចាំអតីតពលករ ត្រឡប់មកពីថៃ និងអ្នកកំពុងស្វែង រកការងារធ្វើ

ភ្នំពេញ៖ បណ្ដាខេត្តដែលមានសក្ដានុពលនៅតំបន់សមុទ្រចំនួន៤ រួមមាន ខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប មានឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមឱ្យ ដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ កំពត កោះកុង និងខេត្តកែប មានឱកាសការងារសរុបចំនួន ៥,៤៨៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិត្តប័ណ្ណការងារ របស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

To Top