ខេត្តដែលមាន សក្ដានុពលចំនួន៣ មានឱកាសការងារ ជាង ៤ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែង រកការងារធ្វើ
ភ្នំពេញ៖ នៅបណ្ដាខេត្តដែលមានសក្ដានុពលចំនួន៣ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល មានឱកាសការងារជាង ៤ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាលមានឱកាសការងារសរុបចំនួន ៤១,៦៤៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបាន តាមរយៈខិត្តប័ណ្ណការងារ របស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធ ទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារ ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕




