វិចារណកថា៖ ពី “ស័ក្តិ ៥ ជេរអ្នកដឹកអីវ៉ាន់” មកជា “មន្ត្រីជក់ Vape គំរាមវាយខ្នោះពលរដ្ឋ”, តើវិន័យកងកម្លាំងនៅឯណា?
ភ្នំពេញ៖ «មន្ត្រីល្អ រាស្ត្រគោរពស្រឡាញ់ អ្វីដែលរាស្ត្រខ្នក់ខ្នាញ់ គឺមន្ត្រីកោងកាច សម្តីគ្មានសីលធម៌ និងអាងអំណាចបុណ្យស័ក្តិធ្វើបាបរាស្ត្រ»។



ឃ្លានេះកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់ទៅលើបុគ្គលមន្ត្រីនគរបាលម្នាក់ ដែលមហាជនស្គាល់ច្បាស់ថាជាម្ចាស់គណនីហ្វេសប៊ុក «David YaYa» ឬលោក ខៀវ សុងច័ន្ទសុធា អនុប្រធាននាយកដ្ឋានមួយ ចំណុះឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ។
១. មេរៀនចាស់មិនរាងចាល៖ ការមើលងាយអ្នកតូចតាច
កាលពីពេលថ្មីៗនេះ លោក ខៀវ សុងច័ន្ទសុធា ធ្លាប់បានធ្វើឱ្យមហាជនក្តៅស្លឹកត្រចៀកម្តងរួចមកហើយ តាមរយៈការប្រើសម្តីអសុរស ជេរប្រមាថមើលងាយទៅលើបុគ្គលិកដឹកជញ្ជូន (Delivery) ម្នាក់ គ្រាន់តែរឿងសុំបញ្ជាក់ទីតាំងដឹកទំនិញ។ កាលនោះ លោកបានយកលេសថា “ដេកមិនឆ្អែត មួរម៉ៅ” ហើយថែមទាំងហ៊ានប្រើសម្តីវាយប្រហារមកលើអ្នកសារព័ត៌មានថា “អ្នកកាសែតមមីមាន់” ទៀតផង។ ទង្វើនេះត្រូវបានគេមើលឃើញថា ជាការកង្វះសីលធម៌រស់នៅ និងការមើលស្រាលលើអ្នកប្រកបរបរត្រឹមត្រូវដែលរកស៊ីចិញ្ចឹមជីវិតដោយកម្លាំងបាយ។
២. កំហុសថ្មីជាន់លើកំហុសចាស់៖ អាងអំណាចគំរាមវាយខ្នោះ
មិនទាន់ទាំងបាត់ដានក្លិនទឹកមាត់រឿងចាស់ផង នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ បុគ្គលដដែលរូបនេះ បានបង្កជម្លោះថ្មីមួយទៀតដែលកាន់តែធ្ងន់ធ្ងរជាងមុន។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ លោក ខៀវ សុងច័ន្ទសុធា មិនត្រឹមតែមិនប្រើវិធីដោះស្រាយតាមបែបមន្ត្រីជាន់ខ្ពស់ដែលមានសីលធម៌នោះទេ ប៉ុន្តែបែរជាប្រើអំណាចបុណ្យស័ក្តិ “គំរាមវាយខ្នោះ” ភាគីម្ខាងទៀតបញ្ជូនទៅដាក់គុកយ៉ាងងងើល ទោះបីជាការវាស់វែងមិនទាន់បញ្ចប់ក៏ដោយ។
៣. ការបំពានបម្រាមរដ្ឋបាល៖ ជក់ Vape បង្អួតសមត្ថកិច្ច
អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុត និងជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរក្នុងនាមជាមន្ត្រីនគរបាលនោះ គឺរូបលោកបានអង្គុយជក់បារីអេឡិចត្រូនិច (Vape) យ៉ាងព្រងើយនៅកន្លែងកើតហេតុ។ ទង្វើនេះ គឺជាការមើលងាយយ៉ាងខ្លាំងចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលកំពុងដុតដៃដុតជើងបង្ក្រាបបារីអេឡិចត្រូនិចយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។
តើមន្ត្រីដែលជក់បារីអេឡិចត្រូនិចចំហបែបនេះ មានសិទ្ធិអ្វីទៅចាប់ពលរដ្ឋដែលជក់ Vape?

ជាក់ស្តែងកន្លងទៅ មេប៉ុស្តិ៍នគរបាលឃុំព្រែកតាអី ខេត្តស្វាយរៀង គ្រាន់តែប្រើសម្តីមិនសមរម្យដាក់ស្ត្រីរងគ្រោះ ក៏ត្រូវបានស្នងការខេត្តសម្រេចដកតំណែងបាត់ទៅហើយ ដើម្បីរក្សាកិត្តិយសអង្គភាព។
ចុះចំពោះករណីលោក ខៀវ សុងច័ន្ទសុធា ដែលមាន “កំហុសផ្ទួនៗ” តាំងពីការមើលងាយអ្នកដឹកជញ្ជូន ជេរអ្នកកាសែត ប្រើអំណាចគំរាមវាយខ្នោះពលរដ្ឋ រហូតដល់ការជក់បារីអេឡិចត្រូនិចបំពានបម្រាម តើក្រសួងមហាផ្ទៃនឹងបន្តរក្សាទុកមន្ត្រីបែបនេះឱ្យបំផ្លាញសតិអារម្មណ៍រាស្ត្រ និងមុខមាត់ស្ថាប័នដល់ពេលណាទៀត?

មហាជនកំពុងរង់ចាំមើលថា តើចំណាត់ការ “ដកស័ក្តិ” ឬ “វិន័យកងកម្លាំង” នឹងត្រូវអនុវត្តស្មើភាពគ្នាដែរឬទេ? កុំឱ្យរាស្ត្រអស់ជំនឿថា “ច្បាប់ និងវិន័យ អនុវត្តបានតែលើអ្នកស័ក្តិតូច រីឯអ្នកស័ក្តិធំមានសិទ្ធិធ្វើអ្វីតាមអំពើចិត្ត”៕
