អ៊ីស្រាអែល គម្រាមទំលាក់គ្រាប់បែក បំផ្លាញអ៊ីរ៉ង់ ក្នុងទ្រង់ទ្រាយដ៏ធំបំផុតមួយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលកំពុងរង់ចាំការឆ្ពោះទៅមុខមុន សហរដ្ឋអាមេរិកបន្តិច ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ និងទម្លាក់គ្រាប់បែកលើសាធារណរដ្ឋអ៊ីស្លាម ក្នុងទ្រង់ទ្រាយធំបំផុតហើយអាចកែប្រែប្រទេសនេះត្រឡប់ទៅឲ្យ ដូចជាការរស់នៅយុគសម័យថ្មវិញ។
សារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យាពេលបទឈប់បាញ់ជាមួយទីក្រុង តេហរ៉ង់ដោយគ្មានកំណត់កាលពីថ្ងៃអង្គារ ដើម្បីទុកពេលសម្រាប់កិច្ចព្រមព្រៀង ដ៏មានសក្តានុពលមួយ ខណៈពេលដែលរក្សា ការបិទផ្លូវទ័ពជើងទឹកអាមេរិក នៃកំពង់ផែអ៊ីរ៉ង់នៅនឹងកន្លែងនៅឡើយ។
លោកKatz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ៖អ៊ីស្រាអែលបានត្រៀមខ្លួនជាស្រេចដើម្បីបន្តសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ លោកបាននិយាយថា យើងកំពុងរង់ចាំភ្លើងខៀវពីសហរដ្ឋអាមេរិកដើម្បីបញ្ចប់ការលុបបំបាត់ត្រកូល Khameneiនិងដើម្បីប្រគល់ប្រទេសអ៊ីរ៉ង់ទៅកាន់យុគសម័យងងឹត និងយុគថ្មដោយបំផ្លាញគ្រឿងបរិក្ខារថាមពល និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗរបស់អ៊ីរ៉ង់។
រំលឹកដែរថាមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និងសមាជិកមួយចំនួន នៃគ្រួសាររបស់គាត់ត្រូវបានសម្លាប់នៅថ្ងៃដំបូង នៃយុទ្ធនាការអ៊ីស្រាអែល-អាមេរិក។ កូនប្រុសរបស់គាត់ឈ្មោះ Mojtaba Khamenei ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់គាត់។
អ្នកនយោបាយអាមេរិក និងអ្នកអត្ថាធិប្បាយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនត្រូវបានអ៊ីស្រាអែល អូស ចូលទៅក្នុងសង្រ្គាម ដោយលើកឡើងពីការសម្របសម្រួលផ្នែកយោធាយ៉ាងជិតស្និទ្ធជាមួយក្រុងយេរូសាឡឹមខាងលិច។ អ្នកផ្សេងទៀតបានចង្អុលបង្ហាញពីឥទ្ធិពលនៃក្រុមដែលគាំទ្រអ៊ីស្រាអែលក្នុងក្រុងវ៉ាស៊ីនតោន។យ៉ាងណាក្តីលោក Trump បានច្រានចោលការចោទប្រកាន់នេះរហូតមក៕
ប្រែសម្រួល៖ស៊ុនលី
